• អាមេរិក ប្រកាសដកកងទ័ពទាំងស្រុងចេញពីស៊ីរី បន្ទាប់ពីលោក ត្រាំ​ អះអាងថា កម្ចាត់ក្រុម ISIS បានសម្រេចអស់ហើយ!

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីប្រទេសស៊ីរី បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ​ អះអាងពីជ័យជម្នះលើក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។

    ការសម្រេចចិត្តដកកងទ័ពទាំងស្រុងរបស់លោក ត្រាំ ក៏ត្រូវបានទទួលស្គាល់ដោយក្រុមមន្ត្រីអាមេរិកផងដែរ ខណៈនិតិវិធីដកកង ទ័ពនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខទៀតនេះ។ លោក ត្រាំ បានគូសបញ្ជាក់នៅលើ Twitter​ នៅថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា៖«ពួកគេទាំងអស់គ្នា (កងទ័ពអាមេរិក) នឹងត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះចាប់ពីពេលឥលូវនេះតទៅ…ពីព្រោះ បេសកកម្មរបស់ពួកគេបានបញ្ចប់ ហើយយើងបានទទួលជ័យជម្នះ»។

    គួរបញ្ជាក់ថា កងទ័ពអាមេរិកជាង២,០០០នាក់ កំពុងជួយក្រុមឧទ្ទាមស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅភាគខាងកើត ប្រទេសស៊ីរី។ ប៉ុន្តែ ការសម្រេចចិត្តដកកងទ័ពអាមេរិករបស់លោកត្រាំ ក៏បានបង្កជាក្ដីកង្វល់ដែរ ដ្បិតរុស្ស៊ី និងអ៊ីរ៉ង់កំពុងពង្រីក​ឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា រីឯក្រុម ISIS នៅតែបន្តមានវត្តមាននៅតំបន់ព្រំដែនរវាងស៊ីរី និងអ៊ីរ៉ាក់ បើទោះជា​ពួកភេរវករមួយនេះបាត់បង់ឥទ្ធិពលមួយភាគធំក៏ដោយ។

    សង្រ្គាមស៊ីរី បានផ្ទុះឡើងកាលពីឆ្នាំ២០១១ ហើយសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹង ISIS នៅឆ្នាំ២០១៤។​ ជាលទ្ធផល មនុស្សរាប់សែននាក់ក្នុងនោះរួមមានទាំងជនស៊ីវិល បានបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀត ក្លាយជាជនភៀសខ្លួន ស្របពេលសេដ្ឋកិច្ចជាតិស្ទើតែធ្លាក់ចុះដល់បាត ដោយសារតែបដិវត្តន៍ពណ៌៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ