• តោះវិភាគរឿង #ព្រះម៉ែនាគ វគ្គ២… អ្នកនឹងយល់ច្បាស់ ពីអត្ថន័យរបស់អ្នកនិពន្ធ!

    ខាងក្រោមនេះគឺជាការយល់ឃើញរបស់ខ្ញុំ(ផេក ស្ដេចស្វា) ក្រោយពីការមើលរឿងព្រះម៉ែនាគ វគ្គ២ចប់ មិនមានចេតនាចោទប្រកាន់ឬបង្អាប់កូនខ្មែរខ្លួនឯងនោះទេ ។

    បើអ្នកណាយល់យ៉ាងណាក៏តាមតែការគិតរបស់អ្នករៀងៗខ្លួន ហើយជាដំបូងក៏សូមអធ្យាស្រ័យទៅដល់អ្នកនិពន្ធខ្មែរផងអ្នកនិពន្ធរឿងនេះផងប្រសិនបើការរៀបរាប់ខាងក្រោមនេះខុសពីអ្វីដែលកើតមានជាក់ស្ដែងឬក៏បង្កឲ្យមានភាពមិនសប្បាយចិត្តអីកើតឡើង នេះខ្ញុំគ្រាន់តែចង់ដាស់តឿនឲ្យកូនខ្មែរជាពិសេសអ្នកនិពន្ធខ្សែភាយន្ដខ្មែរយកចិត្តទុកដាក់បន្ថែមទៀតទៅលើការនិពន្ធ និងសញ្ចឹងគិតឲ្យបានវែងឆ្ងាយមុននឹងបង្កើតឲ្យមានខ្សែភាពយន្ដណាមួយនោះ មិនមែនឲ្យអ្នកមើលហើយសើចហើយភ្លេច សើចហើយសល់តែរឿងចំអាសចំអូង ព្រហើនគឃ្លើនកាន់តែខ្លាំងឡើងនោះទេ ។​
    វែងបន្តិចហើយ តោះចូលសាច់រឿងវិញ៖

    គឺរឿងព្រះម៉ែនាគ ថៃហៅ ណាឃី ឡាតាំងសរសេរ Naga ដែលខ្មែរផ្អើលៗហៅខុសពាក្យថៃមិនចំថៃខ្មែរមិនចំខ្មែរថា នាគី 🙏😓 ។​
    រឿងនេះដំបូងឡើយខ្ញុំចាប់អារម្មណ៍ត្រង់ភូមិមួយ ដែលមានជំនឿចម្រុះ។ តួឯកប្រុសជាអ្នកចំណូលថ្មី សួរលោកមន្ត្រីប៉ូលីសដែលគ្រប់គ្រងភូមិនេះថា ស្រុកនេះគេជឿលើអីខ្លះ? គាត់ក៏ឆ្លើយបែបកំប្លែងៗដែលអ្នកនិពន្ធបញ្ចេញបញ្ចូលឲ្យអ្នកមើលក្នុងរោងសើចគ្រប់គ្នា តែខ្ញុំអត់សើចទេ ខ្ញុំស្ដាប់ពាក្យគេតបច្បាស់ៗថា ស្រុកនេះគេជឿ​លើអាប ព្រាយ ខ្មោចចង្អេរ ស្អីក៏គេជឿដែរ ជាពិសេសជឿលើស្ដេចនាគ ហើយរឿងហេតុដែលសំខាន់ គឺមន្តី្រប៉ូលីសស៉ើបរឿងក្ដីគ្រាន់តែរកមុនអ្នកលេងកន្ទុយលេខច្រើនជាងគេ ខ្ញុំនឹកឃើញថាស្រុកនេះជាស្រុកណា អ្នកទាំងអស់គ្នាអានមកដល់នេះច្បាស់ជាយល់តិចៗហើយថាស្រុកនេះសម្ដៅដល់ស្រុកណា?

    បើខ្ញុំនិយាយថា នាគ តំណាងឲ្យខ្មែរ តើអ្នកដឹងទេថាតួនាង សយតំណាងឲ្យអ្នកណា? តើនាងសយមានលក្ខណៈស្ថានភាពរស់នៅបែបណាដែលអ្នកនិពន្ធតាក់តែងឲ្យ?

    តោះមើលលក្ខណៈនាងសយបន្តិច៖

    នាងសយរស់នៅជាមួយយាយតាំងពីតូច គ្មានឪពុក​គ្មានម្ដាយ កើតចំថ្ងៃសូរ្យក្រាស មិនដឹងប្រវត្តិខ្លួនច្បាស់លាស់ មិនដឹងថាខ្លួនឯងជាអ្នកណា តាំងពីតូចដល់ធំដឹងក្ដីនាងលក់ផ្កានៅប្រាសាទ អង្គុយយាមរូបសំណាក់ព្រះម៉ែនាគ និងស្រឡាញ់ទ្រង់ណាស់ ។ អ្នកណាប៉ះពាល់និងជំនឿនិងការស្រឡាញ់របស់នាងមិនបានឡើយ ។ ហើយចុងក្រោយត្រូវអ្នកភូមិចោទថាជាឃាតកសម្លាប់អ្នកភូមិគ្នាឯង រហូតដល់គេចាប់ចងបម្រុងនឹងដុតក៏នឹងគ្មានកម្លាំងអ្វីតបតនឹងគេសូម្បីបន្តិច ។

    ចុះអ្នកស្រុកអ្នកភូមិនោះមានលក្ខណៈយ៉ាងម៉េចដែរ?​

    អ្នកស្រុកអ្នកភូមិជាមនុស្សមានអបិយជំនឿខ្លាំងរហូតដល់ចង់សម្លាប់នាងសយ ដោយចោទប្រកាន់ព្រះម៉ែនាគជាអ្នកបង្កឲ្យមានចលាចលក្នុងភូមិ ហើយចោទនាងសយជាអ្នកស្នងភាពឃោឃៅរបស់ព្រះម៉ែនាគ សូម្បីតែមេឃុំដែលជាអ្នកដឹកនាំក៏មានអបិយជំនឿ និងមិនព្រមស្ដាប់ហេតុផលរបស់មនុស្សចំណូលថ្មីដែលជាតួឯកប្រុសជាអ្នកមានចំណេះដឹងនិងមានឋានៈជាមេប៉ូលិសទៀតផង។ ចុះព្រះម៉ែនាគឃោរឃៅដូចដែលអ្នកស្រុកចោទឬអត់?

    តោះទៅស្គាល់លក្ខណៈព្រះម៉ែនាគក្នុងរឿងនេះដែលអ្នកនិពន្ធដាក់ឲ្យ៖

    អ្នកនិពន្ធមិនបានបង្ហាញពីភាពខ្លាំងក្លារបស់នាងនាគទេ នាងនាគប្រៀបដូចជាមនុស្សសាមញ្ញម្នាក់ ដោយសារស្នេហា នាងនាគរស់នៅក្នុងភាពឈឺចាប់ តែចុងក្រោយក៏ប្រឹងតស៊ូចង់ឈ្នះនឹងសត្រូវដែលជានាគដូចគ្នា(នាគក្រហមតំណាងឲ្យសភាវអាក្រក់) តែនាគ ស(ព្រះម៉ែនាគ)នៅតែមិនអាចយកឈ្នះនាគក្រហម(នាគកំណាច)នោះបាន ។

    ពេលដែលព្រះម៉ែនាគអស់អំណាចទៅហើយ នាងសយ ដែលទើបដឹងថាខ្លួនឯងជាពូជនាគ ជាបុត្ររបស់ព្រះម៉ែនាគ ស នោះស្ទុះទៅជួយម្ដាយរបស់ខ្លួន ទាំងដែលខ្លួន មានមាឌតូច កម្លាំងខ្សោយ ខាំនាគក្រហមបានតែមួយចង្កូមក៏ត្រូវ នាគក្រហមផ្ចាញ់បាន ដេកដួលទាំងម៉ែទាំងកូន ហើយព្រះម៉ែនាគក៏រលាយបាត់រូប បន្សល់តែកូននាគរូបជាមនុស្សដេកដួលនៅមុខនាគក្រហម មិនអាចយកឈ្នះលើនាគក្រហមដែលជាតួអាក្រក់បាន ចុងក្រោយអ្នកនិពន្ធបង្កើតតួគ្រុឌមានពណ៌ភ្លឺចែងចាំងដូចមាសផុសចេញពីស្ថានភាពដ៏អួរអាប់មួយ ហើយបានខ្ញាំនាគក្រហមទៅយ៉ាងងាយបំផុត ចង់បង្ហាញពីភាពខ្លាំងក្លារបស់គ្រុឌក្នុងឈុតដ៏ខ្លីមួយដែលស្ទើរតែមើលមិនយល់ថាហេតុអ្វីមានគ្រុឌនោះចេញមក ។ កូនខ្មែរគ្រប់រូបដឹងថាគ្រុឌតំណាងឲ្យអ្វីទេ? អានមកដល់នេះច្បាស់ជាយល់ ឬក៏

    អាចអូសមើលរូបខាងក្រោមនេះបានថាតំណាងឲ្យអ្វី?

    – នាងសយជាអ្នកណា?​

    – នាគក្រហមជាអ្នកណា?​

    – គ្រុឌជាអ្នកណា?​

    – ហេតុអ្វីនាងសយត្រូវរស់នៅលក់ផ្កាក្បែររូបសំណាក់របស់ព្រះម៉ែនាគ​រហូតក្នុងរូបរាងជាមនុស្សបែបនេះ?​

    – ហេតុអ្វីព្រះម៉ែនាគ ដែលជាតួឯកសំខាន់ បើតាមការគួរ គួរតែមានមហិទ្ធិរិទ្ធិខ្លាំងឈ្នះលើអ្នកណាទាំងអស់ តែហេតុអីត្រូវស្លាប់ដោយសារនាគដូចគ្នា ហើយបែរជាគ្រុឌ យកឈ្នះនាគដោយងាយបែបនេះទៅវិញ ? ដែលសូម្បីតែអ្នកភូមិក៏ត្រូវស្លាប់ទាំងអស់មិនមានអ្នកណាម្នាក់ត្រូវសង្គ្រោះដោយព្រះម៉ែនាគនោះទេ ។​

    តើអ្នកដែលបានមើលរឿងនេះហើយមានចាប់អារម្មណ៍ដូចអ្វីដែលខ្ញុំមើលឃើញឬទេ? ឬក៏ដោយសារតែខ្ញុំជាមនុស្សមានគំនិតអវិជ្ជមាន?​

    បើមានកំហុសឆ្គងក្នុងការបកស្រាយនេះត្រង់ណាមួយសូមមេត្តាខន្ដីអភ័យទោសផងចុះ!​🙏

    នេះគ្រាន់តែដាស់តឿនកូនខ្មែរជាពិសេសអ្នកនិពន្ធខ្មែរមួយចំនួនធំ

    សូមមេត្តាពិនិត្យមើលការងារខ្លួនឯងឡើងវិញថាដើរដល់ណាហើយ?​

    ប្រភព៖ (ផេក ស្ដេចស្វា)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ