នោះ! ថ្មីៗនេះ Facebook ធ្វេសប្រហែស ធ្វើឲ្យបែកធ្លាយរូបភាពរបស់អ្នកប្រើប្រាស់ជិត ៧លានគណនី

ផ្ទុះ​រឿង​អាស្រូវ ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​មួយ​ទៀត ដោយ​Facebook បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា ​កំហុស​ឆ្គង​នៃ Photo API បាន​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ចូល​ទៅ​កាន់​រូបថត​របស់​អ្នក​ប្រើប្រាស់​ប្រមាណជា ៦,៨ លាន​គណនី ទោះ​បី​ប្រភេទ​រូប​ទាំង​នោះ ​មិន​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ (Public) ​ក៏​ដោយ។

ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​បាន​ប្រាប់ TechCrunch ថា​ខ្លួន​រក​ឃើញ​ចន្លោះ​ប្រហោង​ កាល​ពី​ថ្ងៃ​ទី ២៥ ​កញ្ញា​ និង​បាន​ជួសជុល​រួច​ជា​ស្រេច​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ការខុសឆ្គង​នេះ​បាន​កើត​មាន​តាំង​ពី​ថ្ងៃ​ទី ១៣ ​កញ្ញា​ មក​ទល់​ថ្ងៃ​ទី ២៥ ​កញ្ញា ២០១៨ មក​ម្ល៉េះ។ Facebook បាន​សរសេរ​ថា៖ “ផល​ប៉ះពាល់​កើត​មាន​លើ​អ្នក​ប្រើប្រាស់​ដែល Login គណនី Facebook និង​បើក​ការ​អនុញ្ញាត​ឲ្យ​ភាគី​ទី ៣ មាន​សិទ្ធ​ភ្ជាប់​ទៅ​កាន់​ទិន្នន័យ​រូបថត​របស់​ពួក​គេ”។

បច្ចុប្បន្នភាព​ Facebook បាន​ប៉ាន់​ប្រមាណ​ថា ​មាន​ប្រហែល ១ ៥០០ កម្មវិធី​ចេញ​ពី Developer ចំនួន ៨៧៦ នាក់​ផ្សេង​ពី​គ្នា​ទទួល​ផល​ប៉ះពាល់​ជាមួយ​កំហុស​ឆ្គង​សុវត្ថិភាព​នេះ ដោយ​សរុប App ទាំង​អស់​មាន​តួ​លេខ​អ្នក​ប្រើប្រាស់​ប្រមាណ ៦,៨ លាន​គណនី។

ដំណោះស្រាយ​ គឺ​ចាប់​ផ្តើម​ពី​សប្តាហ៍​ក្រោយ​ត​ទៅ​ Facebook នឹង​បង្កើត​ Tool មួយ​អាច​ផ្តល់​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ត្រួតពិនិត្យ​មើល​បាន តើ​ពួក​គេ​មាន​ទទួល​រង​ផល​ប៉ះពាល់​បែប​ណា​ឬ​អត់​ និង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​លុប​ចោល​នូវ​រូបភាព​ ដែល​ពួក​គេ​មិន​គួរ​ចូល​ទៅ​បាន។

ស្រដៀង​គ្នា​នេះ​ សម្រាប់​អ្នក​ប្រើប្រាស់​ក៏​នឹង​ទទួល​សារ​ជូន​ដំណឹង (Notification) ពី​ការ​សង្ស័យ​និង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទីតាំង Help Center ដើម្បី​កំណត់​ថា​ប្រភេទ App ណា​មួយ​ដែល​អាច​ប៉ះពាល់​ពិត​ប្រាកដ។

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ