• កូនខ្មែរ អាចបង្កើតកម្មវិធីគិតលេខ រហ័សលំដាប់ពិភពលោក ដែលគិតលេខរហ័សជាងការគិតធម្មតា៤ដង ឈ្មោះថា PAMA

    (ភ្នំពេញ)៖ សាលារៀនជំនាន់ថ្មីរបស់វិទ្យាល័យព្រះស៉ីសុវត្ថិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីគិតលេខរហ័សលំដាប់ពិភពលោក មានឈ្មោះថាប៉ាម៉ា (PAMA) ដែលត្រូវបានបង្កើតឡើង ដោយស្នាដៃកូនខ្មែរ និងបានចុះកម្មសិទ្ធិបញ្ញាការពារ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

    កម្មវិធីប៉ាម៉ា ជាស្នាដៃកូនខ្មែរ ទទួលបានការចុះបញ្ជីការពារស្នាដៃ តាមរយៈលិខិតលេខ ១៣ល.ប.ជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះ​ អាចឲ្យកុមារគិតលេខរហ័ស គឺលើសការប្រើវិធីគិតលេខធម្មតា ដល់ទៅ៤ដងឯណោះ។

    កម្មវិធីគិតលេខរហ័សលំដាប់ថ្នាក់ពិភពលោកនេះ ត្រូវបានប្រកាសឲ្យប្រើនៅសាលាជំនាន់ថ្មីស៉ីសុវត្ថិ នាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អ៉ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

    ប្រធានកម្មវិធីប៉ាម៉ា លោក ផុន សុភា បានថ្លែងថា កម្មវិធីប៉ាម៉ា (PAMA Program) គឺជាកម្មវិធីពិសេសមួយ សម្រាប់អភិវឌ្ឍន៍ខួរក្បាលកុមារទាំងសងខាង ដោយប្រើឧបករណ៍ក្បាច់គិតលេខ ហើយជាលទ្ធផលវាជួយឲ្យកុមារឆ្លាត ពូកែអង្កេត ពូកែផ្ចង់អារម្មណ៍ ពូកែគណិតវិទ្យា ពូកែចងចាំ និងគិតលេខបានរហ័សដោយមាត់ទទេ។

    កម្មវិធីប៉ាម៉ា នឹងផ្តួចផ្តើមឲ្យកុមារពូកែគណនាលេខ ពូកែគណិតវិទ្យា និងឈានទៅពូកែមុខវិជ្ជាផ្សេងៗទៀត ក្លាយជាកុមារ និងយុវជនរឹងមាំ មានការទទួលខុសត្រូវខ្ពស់។ កុមារដែលរៀនកម្មវិធីប៉ាម៉ា មិនត្រឹមតែពូកែទេ តែថែមទាំងបណ្តុះភាព ជាអ្នកដឹកនាំសម្រាប់កុមារ ដើម្បីមានសមត្ថភាពប្រកួតប្រជែង លើឆាកអន្តរជាតិផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ផុន សុភា។

    លោក សម្ប កំសាន្ត នាយករងវិទ្យាល័យព្រះស៉ីសុវត្ថិ ទទួលបន្ទុកកម្មវិធីសាលាជំនាន់ថ្មី បានថ្លែងថា ការដាក់ឲ្យដំណើរការកម្មវិធីប៉ាម៉ា នៅសាលាជំនាន់ថ្មី របស់វិទ្យាល័យព្រះស៉ីសុវត្ថិ គឺជាបំណងមួយរបស់សាលាជំនាន់ថ្មី ដែលតែងតែចង់បានអ្វីល្អ សម្រាប់សាលា។ លោកសង្ឃឹមថា កម្មវិធីមួយនេះ នឹងធ្វើឲ្យសិស្សសាលាជំនាន់ថ្មី​ កាន់តែមានភាពវ័យឆ្លាត និងពូកែជាងមុនមិនខាន។

    ប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីប៉ាម៉ា លោក ផុន ហុកឡាំ បានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតកម្មវិធីប៉ាម៉ានេះឡើង ដើម្បីចូលរួមចំណែកពន្លឿន លើការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាបន្ថែមទៀត ស្របតាមកម្មវិធីសិក្សា របស់សហគមន៍ជាតិ និងអន្តរជាតិ។ លោកថា កម្មវិធីពិសេសនេះ ក៏បានព្យាយាមប្រឹងប្រែងធ្វើយ៉ាងណា ផ្តល់ឱកាសឲ្យកុមារទាំងនៅក្រុង និងជនបទ អាចរៀនសូត្របានផងដែរ។

    លោក អ៉ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា បានកោតសរសើរដល់កម្មវិធីប៉ាម៉ា។ លោកក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីកសាងខ្លួនឲ្យក្លាយជា មនុស្សជំនាន់ក្រោយ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ