ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយ ក្រុមហ៊ុនប្រមូលសំរាម KSWM និង សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា សរុបកម្លាំងចំនួន ១៥៥នាក់ បានចុះធ្វើការអប់រំណែនាំអ្នកលក់ដូរ និងប្រជាពលរដ្ឋឲ្យចូលរួមប្រមូល ញែក វេចខ្ចប់ ទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ និង ធ្វើពលកម្មបោសសម្អាតកាកសំណល់នៅតំបន់ឆ្នេរអូរឈើទាល និងតាមដងផ្លូវមួយចំនួនផងដែរ។
លោកយន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោកនឹងខិតខំទទួលយកបទបញ្ជារបស់សម្តេចហ៊ុន សែន ដែលសម្តេចបានដាក់ចេញសម្រាប់ខេត្តព្រះសីហនុក្នុងសន្ទរកថា បើកពិធីបុណ្យសមុទ្រនៅខេត្តកោះកុង កាលពីយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ ក្នុងការរៀបចំដោះស្រាយការងារទូទៅក្នុងខេត្តព្រះសីហនុ លុបបំបាត់បាតុភាពមួយចំនួន ដោយយកច្បាប់មកអនុវត្តន៍ ដើម្បីឲ្យដំណើរអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នទទួលបានជោគជយ័ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕