ត្បូងពេជ្រពណ៌លឿងទំហំ ៥៥២ការ៉ាត់ ធំបំផុតនៅអាមេរិកខាងជើង ទើបតែត្រូវបានគេរកឃើញ នៅឯអណ្ដូងរ៉ែ Diavik Diamond Mine ស្ថិតនៅភាគខាងជើងទីក្រុង Yellowknife ប្រទេសកាណាដា ដែលវាអាចនឹងលក់បានតម្លៃរាប់លានដុល្លារឯណោះ។
ត្បូងពេជ្រទំហំប៉ុនពងមាន់នេះ មិនត្រឹមតែធំឡើយ ថែមទាំងស្រស់ស្អាត និងប្លែកខុសពីត្បូងពេជ្រដទៃទៀតផង។ លោក Kyle Washington ប្រធានក្រុមហ៊ុនរ៉ែ Dominion Diamond Mines បាននិយាយថា «អណ្ដូងរ៉ែ Diavik បានផលិតត្បូងពេជ្រស្រស់ស្អាតបំផុតមួយចំនួននៅលើពិភពលោក ហើយត្បូងពេជ្រនេះនឹងស្ថិតនៅលំដាប់កំពូល»។
គួរឲ្យដឹងថា អណ្ដូងរ៉ែ Diavik ក៏ជាអ្នករកឃើញត្បូងពេជ្រដែលជាប់កំណត់ត្រាចាស់ ធំបំផុតនៅអាមេរិកខាងជើង មានឈ្មោះថា «Diavik Foxfire» ផងដែរ កាលពីឆ្នាំ២០១៥ ដោយមានទំហំសរុប ១៨៧,៧ការ៉ាត់៕