ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មនុស្ស១៧នាក់ ត្រូវឃាត់ខ្លួន ខណៈរាប់សិបនាក់ទៀតផ្អើលរត់ចោលម៉ូតូអស់ ពេលត្រូវកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែង នៅបរិវេណដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មនុស្សរាប់រយនាក់បានមកជល់មាន់ពេលម្ចាស់សង្វៀនបើកលែងម្ដងៗ មិនដឹងថា មកពីកន្លែងណាខ្លះទេ ហើយគេពិនិត្យឃើញអ្នកលែងមានមុខប្លែកៗ មកលេងល្បែងភ្នាល់មាន់ និងចាក់អាប៉ោង នៅក្នុងសង្វៀននេះ ស្រែកកងរំពង គ្មានក្រែងចិត្តអ្នកភូមិឡើយ។ អ្នកភូមិនិយាយថា ពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាបង្កចលាចលពេញភូមិ រីឯសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានវិញ បានត្រឹមតែចុះមកសម្រួលកុំអោយមានចលាចលកើតឡើង ហើយត្រឡប់ទៅវិញបាត់ ដែលទំនងម្ចាស់សង្វៀនមានខ្នងធំហើយ ព្រោះមេប៉ុស្តិ៍ក៏មិនហ៊ានបង្ក្រាបទេ រួមទាំងអធិការខណ្ឌទៀត មិនបាច់និយាយទេ អោយតែបានសើមមាត់សើម.ក កុំថាឡើយបញ្ជាពីណាមក ក៏លោកអធិការខណ្ឌ តេង ស៊ីណូ មិនខ្ចីខ្វល់ ជាមួយនិងល្បែងនេះដែរ។ ពលរដ្ឋដែលរស់នៅតំបន់នោះ ក៏បានពោលថា “ទាល់តែសម្ដេចតេជោ ស្រែកទើបដឹងប្រឹង” ដូចច្នេះមានន័យថា បទបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានី និងបទបញ្ជាលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ គ្មានប្រសិទ្ធភាពសម្រាប់បញ្ជាអធិការខណ្ឌមានជ័យ ក្នុងការបង្ក្រាបល្បែងបានឡើយ ទើបបនល្បែងខុសច្បាប់ពេញមូលដ្ឋានទុកតាំងពិព័រណ៍បែបនេះ។
ឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ រួមមាន ៖ មាន់ជល់ចំនួន ១០ក្បាល , ជញ្ជីងចំនួន០២, ចាន់អាប៉ោងចំនួន០១, កម្រាលអាប៉ោង ចំនួន១, ខ្នាយមាន់ចំនួន៤, កៅអីជ័រចំនួន១៥, ស្កុតរុំខ្នាយមាន់ មួយចំនួន និងម៉ូតូចំនួន ២៤គ្រឿង ដែលក្នុងនោះភាគច្រើនសុទ្ធតែម៉ូតូដែលម្ចាស់រត់ចោល។ ប្រតិបត្តិការចំពោះមនុស្ស និងវត្ថុតាង បានប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ Fasi kmtvnews