អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារាប៉ាវយប់មិញនេះជាមួយ ចាន់ ប៊ុនហឿន ពិបាកខ្លាំងណាស់សម្រាប់ខ្លួន ហើយក៏មិននឹកស្មានថាដៃគូល្អដល់ថ្នាក់នេះ ខណៈការប្រកួតតានតឹង និងស្វិតស្វាញបំផុត។
ប្អូនប្រុស ឡៅ ចន្រ្ទា រូបនេះបានឲ្យដឹងថា មុនការប្រកួតខ្លួនមិនគិតថា ប៊ុនហឿន ល្អខ្លាំងដល់កម្រិតនេះទេ ហើយចំណុចល្អមួយទៀតនោះគឺផ្លែធ្ងន់ៗតែម្ដង ទាំងកណ្ដាប់ដៃ និងជង្គង់។ ការប្រកួតនេះលំបាកខ្លាំងសម្រាប់ ចិត្រា ហើយជាការប្រកួតយ៉ាងស្វិតស្វាញ និងចេញផ្លែមុតស្រូច រួមទាំងធ្ងន់ដូចគ្នា។
ជើងខ្លាំងមកពីឆត្រយោងរូបនេះបន្ថែមទៀតថា សម្រាប់យប់មិញនេះ ធ្វើឲ្យ ចិត្រា ចាប់ផ្ដើមអស់ស៊ុហ្វខ្លាំងនោះ គឺនៅទឹកទី៤ ដោយសារត្រូវ និងជង្គង់ពេញៗរបស់ ប៊ុនហឿន។ អ្នកលេងគុនខ្មែរខាងលើនេះថា បានហ្វឹកហាត់គ្រប់គ្រាន់ និងហូបចុកក៏ដូចជាថែរក្សាខ្លួនបានល្អហើយ ដូច្នេះការប្រកួតមួយនេះប្រហែលជាមិនអីនោះទេ ប៉ុន្តែដល់ពេលប្រកួតមែនទែនផ្ទុយស្រឡះទៅវិញ។
បញ្ជាក់ដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារាប៉ាវទម្ងន់ ៦០គីឡូក្រាម របស់សង្វៀនបាយ័ន បានបញ្ចប់ទៅហើយនាយប់ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ២០១៨។ ចិត្រា ឈ្នះពិន្ទុ ចាន់ ប៊ុនហឿន ដោយមិនឯកច្ឆ័ន ៣-២ ទទួលបានខ្សែក្រវាត់១គ្រឿង ពានរង្វាន់មួយ និងថវិកាចំនួន ២០លានរៀល៕