មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបុរសនោះបានដឹកផ្លែចេកនៅតាមផ្លូវ ប៉ុន្តែក្រោយពីធ្វើការត្រួតពិនិត្យស្រាប់តែប្រទះឃើញមានកញ្ចប់សៗនៅក្នុងចេក ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ០៩:០៥នាទី នៅត្រង់ចំណុចក្នុងក្រុងបានលុង ខេត្តរតនគិរី។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះថា វណ្ណា វុន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប និងមានទីលំនៅរស់នៅក្នុងភូមិ ០៧មករា សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយនៅក្នុងការឃាត់ខ្លួននោះដែរ សមត្ថកិច្ចបានធ្វើការដកហូត ម៉ៅក្រាមសថ្លាចំនួន ០៣ថង់តូច ទំងន់ ១.៨៥ក្រាម ទូរសព្ទ័ ០២គ្រឿង ម៉ូតូ ០១គ្រឿងផងដែរ។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា មូលហេតុនៃការឃាត់ខ្លួនគឺដោយសារតែសមត្ថកិច្ចបានធ្វើការឆែកឆេរឃើញសារធាតុញៀនម្សៅក្រាមសថ្លា ដែលត្រូវបានគេលាក់ទុកនៅក្នុងផ្លែចេក ហើយបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់និង រក្សាទុកបណ្តោះអាសន្ននៅការិល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងជូនទៅអយ្យការអមសាលាដំបូងខេត្ត៕
ប្រភព៖ eykormean