ក្រសួងរៀបចំដែនដីកន្លងមក បានប្រកាសដំណើរការជាផ្លូវការដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី (ប្លង់រឹងថ្មី) ដែលមានភ្ជាប់ជាមួយប្រព័ន្ធ QR Code នៅក្នុងការធ្វើទំនើបកម្មមួយ ដើម្បីជួយសម្រួលភាពងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ក៏ដូចជាការទទួលបានព័ត៌មានឆាប់រហ័ស និងបញ្ចប់ដោយប្រសិទ្ធិភាពនូវក្តីបារម្ភនៃប្លង់រឹងក្លែងក្លាយ។
វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី ដែលបានដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ មិថុនា ២០១៨ ត្រូវបានបោះពុម្ពភ្ជាប់មកជាមួយប្រព័ន្ធ QR code ជាកូដឆ្លើយតបរហ័សមួយ ដែលគេអាចផ្ទៀងផ្ទាត់ទិន្នន័យ និងព័ត៌មានសំខាន់ៗ។ ជាមួយកម្មវិធីថ្មីនេះ ពលរដ្ឋអាចទាញយកប្រើប្រាស់ដើម្បីមើលព័ត៌មានក្បាលដីតាមប្រព័ន្ធ QR Code លើទូរស័ព្ទស្មានហ្វូន(Smart Phone) បាន ត្រូវអនុវត្តដូចខាងក្រោម៖
ការកែលម្អឲ្យទំនើបនៃវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី អាចឲ្យយើងមើលឃើញនឹងភ្នែកងាយស្រួល។ ជាក់ស្ដែង អក្សរវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មីតូចៗព្រាលៗលើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចាស់ ត្រូវបានជំនួសដោយផែនទីព្រះរាជាណាចក្រកម្ពុជានៅចំកណ្តាលសន្លឹកគំរូថ្មី រីឯលេខសន្លឹកថ្មីគឺមាន៨តួលេខ ខុសពីគំរូចាស់ដែលមានតែ៧តួលេខ។
គួរជម្រាបថា បើតាមការអះអាងពីមន្ត្រីជំនាញបានណែនាំថា ម្ចាស់កម្មសិទ្ធិដីធ្លីចាស់ បើពុំមានការចាំបាច់ ពោលគឺមិនគួរមកប្តូរយកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី នោះទេ ព្រោះសន្លឹកបណ្ណទាំងពីរនេះ នៅតែមានតម្លៃស្មីគ្នា លើកលែងតែក្នុងករណីមានការប្តូរ ផ្ទេរសិទ្ធិ ឬការដាក់បន្ទុកណាមួយប៉ុណ្ណោះ ខណៈដែលតម្លៃនៃការធ្វើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី មិនមានបង្កើនតម្លៃបន្ថែមទេ គឺនៅរក្សាតម្លៃដដែល៕