បន្ទាប់ពីរកឃើញថា មានរំលោភលើច្បាប់សង្គម និងក្រមសីលធម៌ ហ្គេមល្បីឈ្មោះជាច្រើនក្នុងកីឡា esport ដូចជា League of Legends (LoL), Overwatch, PlayerUnknown’s Battlegrounds (PUBG) និង Fortnite កំពុងប្រឈមនឹងការហាមឃាត់ក្នុងប្រទេសចិន ។
ការហាមប្រាមនេះ ធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយនូវគណៈកម្មាធិការត្រួតពិនិត្យ Online Ethics Review Committee ដោយរដ្ឋាភិបាលប្រទេសចិនកាលពីដើមខែធ្នូ ឈរលើគោលដៅត្រួតពិនិត្យរាល់ហ្គេម Online ដើម្បីប្រាកដថា ពុំមានល្មើសលើច្បាប់សង្គមត្រង់ប្រការណាមួយ។
ក្នុងបណ្តាហ្គេម Online ធំៗទាំង ២០ នោះ មាន ១១ ត្រូវបានចាត់វិធានការឲ្យកែតម្រូវជាបន្ទាន់ (Corrective Action) សោតយ៉ាងមានដូចជាហ្គេម LoL, Overwatch, Diablo និង WoW ស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Blizzard Entertainment។
តាមលទ្ធផលត្រួតពិនិត្យចេញផ្សាយលើ Reddit បានឲ្យដឹងថា ភាគច្រើននៃហ្គេមទាំងនោះល្មើសលើគោលការណ៍ បង្ហាញអាក្រាតតួអង្គស្រីជ្រុល និង Chatroom ពោរពេញដោយការនិយាយពាក្យមិនសមរម្យទាក់ទងនឹងការបំពុលសង្គម និងផ្នែកនយោបាយ។
ដោយឡែកហ្គេម ៩ ផ្សេងទៀតដែលប្រឈមនឹងការបិទចោល ក្នុងនោះមានហ្គេមល្បីឈ្មោះដូចជា PUBG, Fortnite, H1Z1 និង Ring of Elysium ល្មើសលើគោលការណ៍ដែលមានការបង្ហូរឈាម និងមាតិកាអាសអាភាស។
រំឭកថា ច្បាប់ត្រួតពិនិត្យថ្មីនេះ ក៏ជះឥទ្ធិពលខ្លាំងបំផុតដល់ក្រុមហ៊ុនយក្សប្រទេសចិន ២ រួមមាន Tencent និង NetEase ដោយសម្រាប់ Tencent គឺប៉ះពាល់ធ្ងន់បំផុត ព្រោះមានកាន់ភាគហ៊ុនក្នុងហ្គេម PUBG, LoL, Paladins និងហ្គេមបីទៀតក្នុងចំណោមហ្គេមទាំង ២០៕
ប្រភព៖ Sabay