• ADB ផ្តល់កម្ចីប្រមាណ ៧០ លានដុល្លារ សម្រាប់​កែលម្អ និងលើក​កម្ពស់គុណភាព​កំណាត់​ផ្លូវជាតិលេខ១ និងលេខ៦

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានសម្រេចផ្តល់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិក សម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងលេខ៦។ នេះបើតាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

    ពិធីចុះហត្ថលេខាផ្តល់ និងទទួលកម្ចីនេះ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះតែម្តងរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពី ADB។

    ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់លើកកម្រិតផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿងទៅបាវិត (គីឡូម៉ែត្រលេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រលេខ ១៥៩+០០០) ពីកម្រាលកៅស៊ូ DBST នាពេលប្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC និងជួសជុលផ្លូវជាតិលេខ៦ ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ (គីឡូម៉ែត្រលេខ៣១៧+៦៣០ ដល់គីឡូម៉ែត្រលេខ៣៦៧+៥១២) ដែលបច្ចុប្បន្នមានកម្រាលកៅស៊ូ AC ស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។

    ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា កំណាត់ផ្លូវទាំងពីរនេះ នឹងធ្វើការលើកកម្រិតដោយការងារ ស្ថាបនាក្រាលកៅស៊ូ AC រយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុបប្រើពេល ៥៤ខែ ដែលនឹងចាប់ផ្តើមការដ្ឋានពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣។

    ប្រភពបន្តថា តាមរយៈថវិកាកម្ចីនេះ ក៏នឹងមានការស្ថាបនាមន្ទីរពិសោធន៍សម្ភារៈសំណង់ចំនួន៤កន្លែង នៅខេត្តក្រចេះ កំពត សៀមរាប និងពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់ឲ្យកាន់តែមានគុណភាពរឹងមាំល្អ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ