• ថ្មីចេស! ចៅហ្វាយខេត្តព្រះសីហនុ យន្ត មីន បង្ខំ​ឲ្យ​ម្ចាស់​ដី បង់លុយ ៤​ដុល្លារ ក្នុង ១​ម៉ែត្រការ៉េ ជាការ “​ចូលរួម​បរិច្ចាគ​” ​

    ​ភ្នំពេញ​៖ ចៅហ្វាយខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជា​ឲ្យ​ ជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និនិងសុរិយាដីខេត្តព្រះសីហុន យកលុយ​ពី​ប្រជាពលរដ្ឋ ដោយ​គ្មាន​គោលការណ៍​ច្បាស់លាស់ តាមរយៈ​ការទទួលយក​វិញ្ញាបនបត្រ​សម្គាល់​លើម្ចាស់​អចលនវត្ថុ ឬ​ប្លង់រឹង ដោយ​គិត​តម្លៃ ៤​ដុល្លារ​អាមេរិក ក្នុង ១​ម៉ែត្រការ៉េ​។ លុយ​បន្ថែម​ផ្លូវការ​នេះ ត្រូវបាន​លោក យន្ត មីន លើកឡើងថា ដើម្បី​យកទៅ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ ផ្លូវ​ព័ទ្ធជុំវិញ​បឹង និង​រក្សា​ចំណីផ្លូវ​ប្រវែង ១០​ម៉ែត្រ សងខាង បណ្តាញ​លូ​បង្ហូរ ដោយ​ដាំ​ដើមឈើ​ការពារ​បរិស្ថាន​មាត់បឹង​ព្រែក​ទប់​។ បឹង​ព្រែក​ទប់ ដែល​ត្រូវបាន​កាត់​ផ្ទៃដី​ទំហំ ១១,៥០​ហិកតា ឲ្យ​ឯកជន ចាក់ដី​លុប ដើម្បី​អភិវឌ្ឍន៍​។​

    ​លោក ចៅហ្វាយខេត្តព្រះសីហនុ យន្ត មីន បាន​ឲ្យ​ជំនាញមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ព្រះសីហនុ ធ្វើជាតំណាងរដ្ឋបាលខេត្ត្ត ដើម្បី​យក​ថវិកា​ពី​ម្ចាស់​ដី ដោយ​អះអាងថា ប្រជាពលរដ្ឋ​បាន​ចូលរួម​បរិច្ចាគ​ថវិកា ហើយ​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ ដោយមានលិខិតចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៨ លោក យន្ត មីន បាន​លើក​ហេតុផល​ថា ការយក​លុយ​ពី​ពលរដ្ឋ​ម្ចាស់​ដី​ខាងលើ ដោយ​ចាត់ទុកថា ជាការ​បរិច្ចាគ​របស់​ម្ចាស់​ដី​នេះ ព្រោះតែ​ខេត្ត ត្រូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​បឹង​ព្រែក​ទប់ ដូចជា ទំនប់ ផ្លូវ​ព័ទ្ធជុំវិញ​បឹង ក៏ដូចជា ការរៀបចំ​ដី​ចំណីផ្លូវ បណ្តាញ​លូបង្ហូរទឹក និង​ការដាំ​ដើមឈើ​ការពារ​បរិស្ថាន​មាត់បឹង ជាដើម​។​

    ​ក្នុង​លិខិត លោក​ចៅហ្វាយខេត្ត យន្ត មីន បាន​លើកឡើងថា “​បច្ចុប្បន្ន ផ្ទៃ​បឹង​ព្រែក​ទប់ ត្រូវបាន​ប្រែប្រួល​តាម​ស្មារតី​អនុក្រឹត្យ លេខ ២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការ​កាត់​ផ្ទៃដី​ទំហំ ១១,៥០ ហិកតា ( ដប់​មួយ​ហិកតា និង​ហាសិប​អា ) ចេញពី​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏​នៅតែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​លូបង្ហូរទឹក សម្រាប់​កិច្ចការ​បរិស្ថាន​។ ដូច្នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្មើ​លោក​ប្រធាន​មន្ទីរ រៀបចំ​ចាត់ចែង ក៏ដូចជា ណែនាំ​ដល់​ម្ចាស់​ក្បាលដី​ទាំងអស់ នៅក្នុង​តំបន់​បឹង​ព្រែក​ទប់ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ទទួលយក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ត្រូវ​ចូលរួម​បរិច្ចាគ​ជា​ថវិកា ចំនួន ៤ដុល្លារ/m² ( បួន​ដុល្លារ​សហរដ្ឋអាមេរិក​គ​ត់ ក្នុង​ដី​មួយ​ម៉ែត្រការ៉េ ) និង​អនុញ្ញាត​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ តំណាង​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទទួលយក​ថ​វិកា ដែល​ម្ចាស់​ដី​បរិច្ចាគ​ដោយ​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​”​។​

    ​ក្នុង​លិខិត​ដដែល លោក យន្ត មីន បាន​គូសបញ្ជាក់ថា “​អាស្រ័យហេតុនេះ សូម​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ជ្រាប និង​អនុវត្តតាម​ខ្លឹមសារ​ខាងលើ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​”​។​​ក៏ប៉ុន្តែ​ការបង្គាប់បញ្ជា​របស់លោក​យន្ត​មីន ទៅកាន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ដើម្បី​យកលុយ ៤​ដុល្លារ​អាមេរិក ក្នុង​ដី ១​ម៉ែត្រការ៉េ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណមតិ បាន​ចោទ​ជា​សំនួ​រថា តើ​លោក​យន្ត​មីន យកលុយ​ពី​ប្រជាពលរដ្ឋ​នោះ ពិតជា​យកទៅ​ប្រើប្រាស់ ក្នុង​គោលដៅ ដូច​បានកំណត់​ដែរ ឬទេ​? អ្នកណា​ជា​អ្នកគ្រប់គ្រង​? គ្រប់គ្រង​ដោយ​របៀប​ណា​? ហើយ​ធានា​សុវត្ថិភាព​លុយ​នោះ ក្នុងការ​អនុវត្ត​ដែរ ឬទេ​?។

    មតិដដែលបានបន្តថា ប្រជាពលរដ្ឋ​បាន​បង់ពន្ធ​គ្រប់គ្រាន់​ហើយ​។ បង់ពន្ធ​រាល់​ឆ្នាំ និង​បង់ពន្ធ​គ្រប់គ្នា​អស់ហើយ តើ​លុយ​ទាំងអស់នោះ យកទៅ​ណា​? ដី​លក់​កាត់ឈ្មោះ និង​បង់ពន្ធ​រួចរាល់​អស់ហើយ តើ​លុយ ៤​ដុល្លារ យក​បន្ថែម​នេះ មាន​គោលការណ៍​មកពីណា​? ហើយ​សេវា​បន្ថែម​នេះ កើតចេញ​មកពីណា​? សេវា​នេះ បង្កើតឡើង​ដោយ​សាលាខេត្ត ឬ​បង្កើតឡើង​ដោយ​រដ្ឋ​?​។​ប្រជាពលរដ្ឋ​ម្នាក់ ដែលជា​អតីតមន្ត្រី​រាជការ បាន​លើកឡើងថា រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ក្នុង​ខេត្ត​ព្រះសីហនុ ជាថ​វិការ​របស់​ខេត្ត ព្រោះ​ខេត្ត​ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​នូវ​ខ្ទង់ចំណាយ​ទាំងអស់នេះ ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​ត្រូវ​មក​យកលុយ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ផ្ទះ​នោះឡើយ​។​

    ​លោក​បាន​បន្តថា រដ្ឋបាលខេត្ត​ព្រះសីហនុ ជា​អ្នកមាន​កាតព្វកិច្ច​ធ្វើ និង​ចំណាយ​គ្រប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​របស់​ខេត្ត និង​គ្មាន​កាតព្វកិច្ច​អ្វី ត្រូវ​បញ្ជា​ឲ្យ​យកលុយ​ពី​ប្រជាពលរដ្ឋ ដោយ​គ្មាន​ដឹង​ក្បាល ដឹង​កន្ទុយ ខុស​ទិស​តំបន់​នោះទេ​!​។​​ពាក់ព័ន្ធ​នឹង​ការកំណត់​ឲ្យ​យកប្រាក់​បន្ថែម​ពី​ប្រជាពលរដ្ឋ ចំនួន ៤​ដុល្លារ​អាមេរិក ក្នុង​ដី ១​ម៉ែត្រការ៉េ ខណៈ​ប្រជាពលរដ្ឋ​ទៅ​ទទួលយក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅថា ប្លង់រឹង ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងនិងសុរិយាដីខេត្តព្រះសីហនុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ