នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ កូនស្រីមហាសេដ្ឋីឥណ្ឌា Mukesh Ambani នឹងត្រូវរៀបមង្គលការ ជាមួយនឹងកូនប្រុសមហាសេដ្ឋីឥណ្ឌា Ajay Piramal។
ពិធីមង្គលការរវាងកូនស្រីមហាសេដ្ឋីប្រេង និងទូរគមនាគមន៍មានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ី ឈ្មោះ Isha ជាមួយនឹងកូនប្រុសមហាសេដ្ឋីឧស្សាហកម្ម ឈ្មោះ Anand នឹងត្រូវចំណាយលុយប្រមាណជា ១០០លានដុល្លារឯណោះ។ នាង Isha គឺជាកូនដំបូងរបស់លោក Mukesh Ambani ដែលនឹងត្រូវរៀបមង្គលការ។
ភ្ញៀវកិត្តិយសត្រូវបានអញ្ជើញឲ្យចូលរួមពិធីមង្គលការដែលធ្វើឡើងនៅក្នុងទីក្រុង Udaipur នៃប្រទេសឥណ្ឌា មានចាប់ពីតារាចម្រៀងល្បីឈ្មោះ ដូចជា Beyonce រហូតដល់អ្នកនយោបាយអាមេរិក Hillary Clinton និង មហាសេដ្ឋីជំនួញ Henry Kravis ជាដើម។
គួរបញ្ជាក់ថា ចំនួនភ្ញៀវកិត្តិយសដែលត្រូវចូលរួមពិធីខាងលើមានច្រើនខ្លាំង រហូតធ្វើឲ្យមហាសេដ្ឋីខាងលើកក់សណ្ឋាគារលំដាប់ ៥ យ៉ាងហោចណាស់ ៥អគារដើម្បីទទួលភ្ញៀវ។ មិនតែប៉ុណ្ណោះ ពួកគេនឹងរៀបចំជើងហោះហើរជាង ១០០ ដើម្បីដឹកភ្ញៀវកិត្តិយសទៀតផង។
យ៉ាងណាមិញ ក្រោយចប់ពិធីមង្គលការ គូស្វាមីភរិយាថ្មីថ្មោងខាងលើ នឹងត្រូវផ្លាស់ទៅរស់នៅក្នុងវិមានតម្លៃ ៦៤លានដុល្លាររបស់ពួកគេ នៅឯទីក្រុង Mumbai៕
ប្រភព៖ Sabay