រដ្ឋាភិបាលរុស្ស៊ី បានដាក់ឲ្យប្រើអាវុធឡាស៊ែរដែលទើបអភិវឌ្ឍថ្មីរបស់ខ្លួនដើម្បីបម្រើការក្នុងយោធាកាលពីចុងសប្ដាហ៍មុន។
យោងតាមក្រសួងការពារជាតិឲ្យដឹងថា ប្រព័ន្ធបាញ់ឡាស៊ែររបស់រុស្ស៊ីថ្មីឈ្មោះ Peresvet ត្រូវបានដាក់បញ្ចូលក្នុងដើម្បីបំពេញភារកិច្ចក្នុងយោធាកាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។ អាវុធដ៏សាហាវនេះ ត្រូវបានរំពឹងថានឹងអាចបាញ់ទម្លាក់យន្ដហោះចម្បាំង និងសូម្បីតែគ្រាប់មីស៊ីលដែលវាយប្រហារ និងជាប្រព័ន្ធការពារអាកាសដ៏រឹងមាំមួយទៀតរបស់រុស្ស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីរុស្ស៊ីលោក ពូទីនឲ្យដឹងថា “យើងសម្រេចបានដំណើរយ៉ាងល្អប្រសើរទៅលើអាវុធឡាស៊ែរ។ វាមិនមែនជាការគិត ឬគម្រោងទៀតនោះទេ ហើយក៏មិនមែនទើបតែចាប់ផ្ដើមផលិតដែរ។ យើងឈានទៅមុខមួយជំហានមុនគូសត្រូវរបស់យើង។”
ទោះយ៉ាងណាក៏ដោយ ចំពោះសមត្ថភាពពិតប្រាកដរបស់ប្រព័ន្ធឡាស៊ែរ Peresvet មិនទាន់ត្រូវបានគេដឹងទូលំទូលាយនៅឡើយទេ ដោយអ្នកជំនាញជាច្រើនអះអាងថាវាគ្រាន់តែជាការរំពឹងទុកពីសមត្ថភាពរបស់វាប៉ុណ្ណោះ៕
ប្រភព៖ Sabay