កាហ្វេវប្បធម៌ គឺជាហាងកាហ្វេមួយកន្លែងដែលបង្កើតឡើងដោយយុវជនខ្មែរមួយក្រុម ដែលមានភាពខុសប្លែកពីហាងកាហ្វេដ៏ទៃទៀត។ ខុសប្លែក ក៏ព្រោះតែហាងកាហ្វេមួយនេះ បង្កើតឡើងដោយផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ដែលមានដូចជា ការបង្ហាញពីម៉ូតសម្លៀកបំពាក់ខ្មែរគ្រប់សម័យកាល ឧបករណ៍ភ្លេងខ្មែរគ្រប់ប្រភេទ ព្រមទាំងមានការតាំងបង្ហាញនូវសម្ភាសចាស់ៗដែលប្រជាជនខ្មែរធ្លាប់បានប្រើតាំងពីបុរាណមក។
ហាងកាហ្វេវប្បធម៌ សហការបង្កើតឡើងដោយមានការចូលរួមជាមួយនឹងសមាគមសិល្បៈមរតកហ្វូណន ដែលជាអ្នកផ្ដល់នូវសម្លៀកបំពាក់ និងឧបករណ៍សិល្បៈក្នុងដំណើរការហាងកាហ្វេមួយនេះ។
លោកអាចារ្យធំ ដែលជាស្ថាបនិកនៃហាងកាហ្វេវប្បធម៌បានប្រាប់ថា ថ្វីដ្បិតថាបេសកកម្មចម្បងនៃការបង្កើតហាងកាហ្វេដើម្បីបំផុតការគាំទ្រវប្បធម៌ខ្មែរ ប៉ុន្តែទន្ទឹមនឹងនេះ ហាងកាហ្វេវប្បធម៌ក៏ត្រូវការថវិកាឧបត្ថម្ភគាំទ្រដល់អាជីវកម្មមួយនេះដែរ ដើម្បីអាចបន្តបេសកកម្មនេះបានរលូនទៅថ្ងៃខាងមុខ។ លោកបានបញ្ជាក់ថា ភ្ញៀវដែលអញ្ជើញមកហាងកាហ្វេវប្បធម៌ចំណាយត្រឹមតែ៦០០០៛ប៉ុណ្ណោះ បានទទួលទានតាំងកាហ្វេ និងស្លៀកសំលៀកបំពាក់ខ្មែរគ្រប់សម័យកាលដោយឥតគិតថ្លៃ។
លោកស៊ុប ស័ក្ករា ប្រធានសមាគមសិល្បៈមរតកហ្វូណន បានប្រាប់ឲ្យដឹងថាភាគច្រើនភ្ញៀវដែលអញ្ជើញមកហាងកាហ្វេវប្បធម៌ គឺជាយុវវ័យដែលពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្លៀកសម្លៀកបំពាក់បែបខ្មែរ។ តាមរយៈរូបភាពបែបនេះ លោកមានមោទនភាព ដែលបេសកកម្មរបស់លោកក្នុងការបំផុសការគាំទ្រនូវមរតកវប្បធម៌ខ្មែរបានទទួលជោគជ័យ។
ហាងកាហ្វេវប្បធម៌ បង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ អ្នកគ្រងហាងកាហ្វេមួយនេះបានពង្រីកសាខាមួយកន្លែងទៀត ដែលមានទីតាំងស្ថិតភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងជើងវត្តព្រះឥន្ទ្រកោសីយ៍ ចម្ងាយ៣០០ម។ ហាងកាហ្វេវប្បធម៌បើកដំណើរការរៀងរាល់ថ្ងៃចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៨:០០ យប់៕