ស្ពានអាកាសចោមចៅ នឹងត្រូវចាប់ផ្ដើមសាងសង់នៅសប្តាហ៍ក្រោយនេះហើយ!

រង្វង់មូលចោមចៅ គឺជាចំណុចប្រសព្វរវាងផ្លូវសេដ្ឋកិច្ចសំខាន់ៗបំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងនោះវាត្រូវបានភ្ជាប់ផ្លូវ ៤ បញ្ចូលគ្នាគឺផ្លូវវេងស្រេង ផ្លូវសហព័ន្ធរុស្ស៊ី ជាពិសេសគឺផ្លូវជាតិលេខ ៣ និងជាតិលេខ ៤ ដែលសុទ្ធសឹងជាផ្លូវសំខាន់ក្នុងការដឹកទំនិញ នាំចេញ-នាំចូល រវាងកម្ពុជានិងទីផ្សារអន្ដរជាតិ តាមរយៈកំពុងផែសមុទ្រនៅខេត្តព្រះសីហនុ និងខេត្តកំពត។

អស់រយៈពេលរាប់ឆ្នាំមកហើយ ដែលរង្វង់មូលចោមចៅគឺជាតំបន់មួយដែលប្រឈមខ្លាំង ជាមួយបញ្ហាស្ទះចរាចរណ៍ស្ទើគ្មានថ្ងៃលស់ បើទោះជាកន្លងមកអជ្ញាធរបានព្យាយាមពង្រាយកម្លាំងដើម្បីសម្រួលចរាចណ៍យ៉ាងណាក៏ដោយ។ ដែលបញ្ហានេះ ក៏អាចចាត់ទុកថាជាការពន្យឺតដំណើរការសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ព្រោះផ្លូវត្រូវបានចាត់ទុកដូចជាដង្ហើមនៃសេដ្ឋកិច្ច បើមានផ្លូវល្អកាន់តែច្រើន ប្រទេសកាន់តែធ្វើដំណើរ និងដឹកជញ្ជូនទំនិញបានប្រសើរ ថែមទាំងធ្វើឲ្យទីផ្សារអចលវត្ថុក្នុងតំបន់នោះមានកាន់តែតម្លៃខ្ពស់ផងដែរ។ ដោយមើលឃើញអំពីបញ្ហាស្ទះចរាចរណ៍នេះហើយ ទើបកាលពីថ្ងៃទី ២៩ ខែមិថុនា ២០១៨ កន្លងទៅ ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) បានចាប់ដៃជាមួយសាលារាជធានីភ្នំពេញ ក្នុងការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងសាងសង់ដ៏ធំមួយ គឺកែប្រែរង្វង់មូលចោមចៅ ឲ្យទៅជាស្ពានអាកាស និងផ្លូវក្រោមដីវិញ ដើម្បីកាត់បន្ថយការស្ទះឲ្យបានធូរស្រាលឡើង ហើយគម្រោងនេះ ក៏បានធ្វើការសម្ពោធជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពី ប្រមុខរដ្ឋភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។

តាំងពីសម្ពោធគម្រោងសាងសង់ កាលពីខែមិថុនារួចមក ស្ពានអាកាសចោមចៅនៅមិនទាន់បានដំណើរការសាងសង់ជាផ្លូវការនោះទេ ដោយសារតែគេត្រូវរៀបចំ ប្រព័ន្ធទឹក ប្រព័ន្ធខ្សែភ្លើងអគ្គិសនី ពិសេសគឺប្រព័ន្ធលូឲ្យបានស្អាតជាមុនសិន។ ចំណែកឯដំណើរការសាងសង់ជាក់ស្ដែង គឺនឹងចាប់ផ្ដើមពីថ្ងៃទី ១០ ធ្នូ ២០១៨ នេះទៅ ដែលគេរំពឹងថាប្រើប្រាស់រយៈពេលយ៉ាងយូរ ៣០ ខែដើម្បីបញ្ចប់ និងចាយទឹកប្រាក់ប្រមាណ ២២ លានដុល្លារ។

ក្នុងគម្រោងនេះ គេនឹងសាងសង់ស្ពានអាកាស ២ ជាន់ ពោលគឺជាន់ ១ មានស្ពានអាកាសកាត់ពីផ្លូវវេងស្រេងឆ្ពោះទៅផ្លូវជាតិលេខ ៣ និងស្ពានអាកាសពីផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង (ស្ពានអាកាសកោងទាំង ២) រីឯជាន់ទី ២ គឺស្ពានអាកាសដែលភ្ជាប់រវាងផ្លូវជាតិលេខ ៣ និងផ្លូវសហព័ន្ធរុស្ស៊ី (ស្ពានអាកាសធំត្រង់)។ ដោយឡែក ចំពោះផ្លូវជាតិលេខ ៤ ដែលឆ្ពោះមកកាន់ផ្លូវសហព័ន្ធរុស្ស៊ី គេនឹងជីកផ្លូវក្រោមដីកម្ពស់ ១៣ ម៉ែត្រដើម្បីធ្វើដំណើរវិញ។

បើទោះបីជាការសាង់សង់មានភាពយឺតយ៉ាវក្ដី ដោយសារជួបបញ្ហជាច្រើន ប៉ុន្តែគម្រោងសាងសង់ទាំងមូលត្រូវបានវាតម្លៃថានឹងបញ្ចប់សព្វគ្រប់ត្រឹមរយៈពេលយ៉ាងយូរ ៣០ ខែប៉ុណ្ណោះ ព្រោះបើសាងសង់យូរពេកក៏ប៉ះពាល់ក្នុងការធ្វើដំណើរច្រើនដែរ ដូចនេះស្ពានអាកាស និងផ្លូវក្រោមដីទាំងមូល អាចនឹងចេញរូបរាងជាផ្លូវការនៅក្នុងចុងឆ្នាំ ២០២០ ហើយអាចនឹងសម្ពោធនៅដើមឆ្នាំ ២០២១ ខាងមុខនេះ។

ប្រភព៖ Cambodiapropertyreport

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ