ទីបំផុតបារាំង​ព្រមលុបគម្រោង​ដំឡើងពន្ធ​លើប្រេងឥន្ធនៈ ចេញពី​កញ្ចប់ថវិកា​ជាតិ​ឆ្នាំ២០១៩ហើយ ដើម្បី​បន្សាបកំហឹង​ក្រុមបាតុករ​បន្ថែមទៀត!

(ប៉ារីស)៖ គម្រោង​ដំឡើងពន្ធលើឥន្ធនៈដែលបាន និង​កំពុងបង្កឱ្យមាន​បាតុកម្មតវ៉ា​ដ៏ហិង្សានៅទូទាំង​ប្រទេសបារាំង ត្រូវបានលុបចេញពី​កញ្ចប់ថវិកាជាតិ​សម្រាប់ឆ្នាំ២០១៩​ហើយ ស្របពេល​រដ្ឋាភិបាល​ទីក្រុងប៉ារីស នៅតែបើកផ្លូវចរចា​ជាមួយក្រុម​បាតុករអាវកាក់ពណ៌​លឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសលុបចោល​នេះ​ ត្រូវបានធ្វើដោយនាយករដ្ឋមន្ត្រី​បារាំង លោក អេឌូអាដ ហ្វីលីព (Edouard Philippe) នៅក្នុង​កិច្ចប្រជុំសភាជាន់​ទាបបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក អេឌូអាដ កាលពីថ្ងៃអង្គារ​បានបញ្ជាក់ថា គម្រោងដំឡើង​ពន្ធលើ​កាបូន និងឥន្ធនៈ​យានយន្ដ ដែលនឹងត្រូវចូល​ជាធរមាននៅថ្ងៃទី០១ ខែមករា នឹងត្រូវបានផ្អាក​សម្រាប់រយៈពេល ០៦ខែ ដើម្បីទុកពេលពិគ្រោះ​យោបល់។

លើសពីនេះ​ទៅទៀត នាយករដ្ឋមន្ត្រី​បារាំងរូបនេះ​ក៏បានអះអាងដែរថា គំរោង​ឡើងពន្ធ​លើឧស្ម័ន និងអគ្គិសនីនៅ​ក្នុងរដូវរងារនេះ​ ក៏នឹងត្រូវលុបចោល​ផងដែរ ហើយដែលនេះ​អាចនឹងក្លាយ​ជាការប្ដូរគោល​នយោបាយជាលើកដំបូង​បំផុតរបស់លោក ម៉ាក្រុង ចាប់តាំង​លោកជាប់ឆ្នោតជា​ប្រធានាធិបតីបារាំង​ កាលពីឆ្នាំ​២០១៧មក។ ប៉ុន្តែថ្លែងនៅចំពោះ​មុខសភាជាន់ទាប លោក​នាយករដ្ឋមន្ត្រី​បារាំងបានអះអាង​ជាថ្មីថា រដ្ឋាភិបាលបានត្រៀម​ខ្លួនរួចជាស្រេច​សម្រាប់កិច្ចសន្ទនា ពីព្រោះគំរោងដំឡើងពន្ធ ត្រូវបានលុបចេញ​ពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៩ ហើយ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ា​ប្រឆាំង​នឹងសាំងឡើងថ្លៃ​ នៅក្នុង​ប្រទេស​បារាំង បានផ្ទុះឡើងតាំង​តែពាក់​កណ្ដាល​ខែវិច្ឆិកា កន្លងមកម្ល៉េះ ខណៈ​មនុស្ស ០៤នាក់​បានបាត់បង់ជីវិត ហើយគេមិនទាន់​ច្បាស់ឡើយថា បាតុកម្មដែលគ្រោង​នឹងធ្វើឡើងនៅ ថ្ងៃសៅរ៍សប្ដាហ៍​នេះនឹងត្រូវធ្វើឡើងតាមគំរោង ឬយ៉ាងណានោះទេ បើទោះជាក្រុម​បាតុករស្វាគមន៍ការសម្រេចចិត្ត​របស់លោក ម៉ាក្រុង ក៏ដោយ។ តែសម្រាប់លោក ម៉ាក្រុង ការដំឡើង​ពន្ធលើឥន្ធនៈ គឺជាវិធានការដ៏មានសារៈ​សំខាន់ក្នុង​ការប្រយុទ្ធ ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ ព្រមទាំងកាត់បន្ថយ​ឱនភាពកញ្ចប់​ថវិកាជាតិ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ