ចិនអំពាវនាវ​ឲ្យកាណាដា «ដោះលែង​កូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់»

(ប៉េកាំង)៖ ស្ថានទូតចិន​ប្រចាំ​ប្រទេស​​កាណាដា បានជម្រុញឱ្យ​អាជ្ញាធរកាណាដា​ ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ​ត្រូវបានចាប់ខ្លួននៅ​​ក្នុងទីក្រុង វែនខូវើ (Vancouver) កាលពី​ដើមខែធ្នូកន្លង​ទៅពី​បទសង្ស័យថា បានរំលោភបំពាន​លើទណ្ឌកម្មអាមេរិក​ប្រឆាំង​អ៊ីរ៉ង់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ស្ថានទូតចិន បាន​លើកឡើង​យ៉ាងដូច្នេះថា «តបតាម​សំណើរបស់​សហរដ្ឋអាមេរិក កាណាដា​​បានចាប់ខ្លួនពលរដ្ឋចិន​ម្នាក់ ដែលមិនបាន​រំលោភលើច្បាប់​អាមេរិក ឬកាណាដា​ទាល់តែសោះ… ដូច្នេះចិន​ប្រឆាំងយ៉ាងម៉ឺងម៉ាត់​ចំពោះសកម្មភាព​ដែលរំលោភ និងបំផ្លាញសិទ្ធិមនុស្ស​របៀបនេះ ក៏ដូចជម្រុញ​ឱ្យភាគីកាណាដា​ ដោះលែងពលរដ្ឋ​ចិន​ជាបន្ទាន់»។

គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ដែលជាកូនស្រី​ម្នាក់របស់ស្ថាបនិក​ក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ផងដែរនោះ​ត្រូវបានអាជ្ញាធរកាណាដា​ ចាប់ខ្លួនកាល​ពីថ្ងៃទី០១ ខែធ្នូ​កន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើ ការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់​​ ខណៈលោកស្រី​ត្រូវបានគេំពឹងថា អាចនឹងត្រូវធ្វើ​បត្យាប័នបញ្ជូនខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខ​រឿងក្តីចោទប្រកាន់​ខាងលើ​នេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ