កាណាដា​ចាប់ខ្លួនកូនស្រីម្ចាស់​ក្រុមហ៊ុន Huawei ដោយសង្ស័យពាក់ព័ន្ធ​នឹងការរំលោភបំពាន​លើការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម

(កាណាដា)៖ ប្រធានហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei Technologies លោកស្រី វ៉ានចូវ ម៉េង (Wanzhou Meng) ត្រូវបានអាជ្ញាធរ​កាណាដា​ចាប់ខ្លួន​នៅក្នុងទីក្រុង វែនខូវើ (Vancouver) ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងការរំលោភបំពាន​លើការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក​ប្រឆាំងនឹង​អ៊ីរ៉ង់។ នេះបើតាម​ក្រសួងយុត្តិធម៌​កាណាដា ដកស្រង់​ដោយ​សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កាណាដា លោក អ៊ីយ៉ាន ម៉ាកអេអូដ (Ian McLeod) បានបញ្ជាក់នៅ​ក្នុងសេចក្ដីថ្លែងការណ៍​ទៀតថា លោកស្រី Meng ដែលជាអនុប្រធាន​ក្រុមហ៊ុន Huawei និងកូនស្រីម្នាក់​របស់ស្ថាបនិក​ក្រុមហ៊ុនយក្សចិន​មួយនេះ​ផងដែរនោះ កំពុង ប្រឈមមុខនឹង​ការធ្វើបត្យាប័នទៅកាន់​សហរដ្ឋអាមេរិក ខណៈសវនាការ​ស៉ើបសួរត្រូវបានគេកំណត់ នៅ​ថ្ងៃសុក្រ​សប្ដាហ៍នេះ។

ដោយឡែក ជុំវិញការចាប់​ខ្លួននេះដែរ ក្រុមហ៊ុន Huawei បាននិយាយថា ការឃាត់ខ្លួនលោកស្រី Meng ធ្វើឡើង​ក្នុងនាម​សហរដ្ឋអាមេរិក ដូច្នេះលោកស្រី​អាចនឹងត្រូវបាន​ធ្វើបត្យាប័ន ហើយអាចនឹង​ត្រូវប្រឈមមុខនឹង​ការចោទប្រកាន់ នៅឯ​តុលាការមួយក្នុង​ទីក្រុងញូយ៉ក។ តែទោះជា​យ៉ាងនេះក្ដី ក្រុមហ៊ុន Huawei នៅតែអះអាង​ដដែលថា ខ្លួនមិនបាន​រំលោភបំពាន លើច្បាប់ដូចការ​ចោទប្រកាន់​នោះទេ។

គួរបញ្ជាក់ថា ការចាប់ខ្លួន​លោកស្រី Wanzhou Meng ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីក្រសួងយុត្តិធម៌​អាមេរិកបានបើកការស៊ើប​អង្កេត លើក្រុមហ៊ុន Huawei ថាតើមានជាប់ពាក់ព័ន្ធ​នឹងការលក់បរិក្ខា ឬបច្ចេកវិទ្យា​ឱ្យទៅអ៊ីរ៉ង់​ដែរ ឬទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ