រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងគណៈកម្មការអន្តរក្រសួង នឹងរៀបចំពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឈានចូល២០១៩ ដែលនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ រំលងយប់ថ្ងៃទី ៣១ ខែ ធ្នូ ។ នេះបើតាមការបង្គាប់សម្ដេច ហ៊ុន សែន កាលពីថ្មីៗ។
ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ លី យ៉ុងផាត់ មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានរៀបចំការប្រគុំតន្រ្តីសម័យខ្នាតធំ អមដោយការដាក់ស្ដង់តាំងពិព័រណ៍ផលិតផល និងការសម្ដែងសិល្បៈបុរាណខ្មែរ-សម័យ ជាដើម។ គួរជម្រាបថា កន្លងមកកម្មវិធីឆ្លងឆ្នាំនៅភ្នំពេញ សាលារាជធានីតែងតែរៀបចំនៅវត្តភ្នំ កណ្ដាលរាជធានីភ្នំពេញ៕