Foxconn ដែលជាដៃគូផ្គត់ផ្គង់ធំមួយរបស់ Apple ទទួលខុសត្រូវលើការដំឡើង iPhone និងផលិត Apple ផ្សេងទៀត កំពុងគិតគូរលើការសាងសង់រោងចក្រថ្មីនៅប្រទេសវៀតណាម ដើម្បីជៀសផុតពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
សារព័ត៌មានរដ្ឋវៀតណាមបានចុះផ្សាយថា Foxconn និងគណៈកម្មការប្រជាជនទីក្រុងហាណូយកំពុងស្ថិតក្នុងកិច្ចពិភាក្សាយ៉ាងសកម្មអំពីការសាងសង់រោងចក្រដំឡើង iPhone។
គួរដឹងថាបច្ចុប្បន្ន iPhone មួយភាគធំដំឡើងដោយរោងចក្រ Foxconn ឬ Pegatron ដែលស្ថិតនៅទីក្រុង Shenzhen ប្រទេសចិន។ iPhone មួយចំនួនតូចត្រូវបានដំឡើងនៅប្រទេសប្រេស៊ីល និងឥណ្ឌាដើម្បីអាចគេចផុតពីការយកពន្ធនាំចូលខ្ពស់ ដោយត្រូវបានចាត់ទុកថាជាផលិតផលក្នុងស្រុក។
ដោយឡែកការចំពោះគំនិតនៃការសង់រោងចក្រនៅប្រទេសចិនរបស់ Foxconn ដោយសារតែ Foxconn បារម្ភថាប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនៅតែបន្ត នោះតម្លៃត្រូវចំណាយលើការនាំចេញ iPhone ពីចិនទៅសហរដ្ឋអាមេរិកនឹងត្រូវឡើងថ្លៃ។ ជាលទ្ធផល Apple អាចនឹងស្វែងរកក្រុមហ៊ុនដំឡើងថ្មី ស្ថិតនៅក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការចំណាយនេះ។ ជាជាងបាត់បង់ដៃគូធំ Foxconn សុខចិត្តស្វែងរកទីតាំងថ្មីដើម្បីសង់រោងចក្រដំឡើង iPhone ឲ្យ Apple។
បច្ចុប្បន្ននេះមានក្រុមហ៊ុនទូរសព្ទធំពីរហើយដែលមានរោងចក្រដំឡើងនៅប្រទេសវៀតណាម ក្នុងនោះរួមមាន Samsung និង HMD Global។ វត្តមានរោងចក្រ Foxconn ដំឡើង iPhone នឹងជួយលើកមុខមាត់ និងសេដ្ឋកិច្ចប្រទេសវៀតណាមថែមមួយកម្រិតទៀត៕