ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ចាប់ដៃគ្នា បោះទុនជាង ២០លានដុល្លារ ក្នុងជំនួញ​អចលនទ្រព្យ ដើម្បី​បញ្ចប់ ការ​យល់ច្រឡំថា អ្នកទាំង​ពីរមិនសូវ​ចុះសម្រុងគ្នា

(ភ្នំពេញ)៖ ពិតណាស់ កំពូលតារាចម្រៀងល្បីឈ្មោះពីររូប គឺលោក ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ត្រូវបានមហាជនទូទៅដឹងថា អ្នកទាំងពីរបានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះ បើងាកទៅមើលទ្រព្យសម្បតិ្ត មានប្រាក់វិញ អ្នកទាំងពីរ ក៏ត្រូវបានគេដឹងថា សឹងតែដេកលើគំនរលុយទៅហើយ។ ទោះយ៉ាងនេះក្តី ដោយសារតែមហិច្ឆិតាចង់មានបានថែមទាំង អ្នកទាំងពីរបានចាប់ដៃគ្នាចំណាយទុនច្រើនលានដុល្លារ បើកជំនួញអចលនទ្រព្យរួមគ្នា ខណៈដំណឹងនេះ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ មួយវិញទៀត ការចាប់ដៃគ្នាបើកជំនួយនេះ អាចនិយាយបានថា ជាការបិទបញ្ចប់ ចំពោះការយល់ច្រឡំថា នៅខាងក្រៅឆាកអ្នកទាំងពីរមិនសូវចុះសម្រុងគ្នា។

យោងតាមការបង្ហោះលើផេកបុរីឡេងណាវ៉ាត់ត្រា បានអះអាងថា លោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងដីធ្លីពុះលក់រៀងខ្លួន អ្នកទាំងពីរបានសម្រេចចិត្តបោះទុនរួមគ្នាតែមួយ ជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះ គឺធំជាងគម្រោងមុនៗទ្វេរដង ហើយសម្រាប់ដើមទុនក៏មិនតិចជាង ២០លានដុល្លារ។ ការបង្ហោះបញ្ជាក់ថា អ្នកទាំងពីរ មិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ថែមទៀត ដែលនេះ គឺជាគម្រោងមហាសេដ្ឋី ដែលមិនធ្លាប់មានសម្រាប់តារាចម្រៀង នៅក្នុងពិភពសិល្បៈ។

លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ពិតជាចំណាយទុនបើកគម្រោងរកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមែនរវាងលោក និង លោកព្រាប សុវត្ថិ ឬរវាងលោក និងលោក ខេមរៈ សិរីមន្ត ដាច់គ្នាដូចមុននោះទេ ប៉ុន្តែគឺជាគម្រោងបោះទុនរួមទាំង៣បញ្ចូលគ្នាតែម្ដង ដើម្បីឱ្យបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់ផងនោះ។

លោកថា គម្រោងលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត រួមគ្នានោះ ស្ថិតនៅម្ដុំព្រៃទទឹងលើផ្លូវជាតិលេខ៣ក្បែរៗគម្រោងចាស់ ប៉ុន្តែជាគម្រោងសង់វីឡា និងពុះឡូតិ៍រួមគ្នា ដោយគ្រាន់តែដើមទុន គឺយ៉ាងហោចក៏ ២០លានដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងចំណាយបន្ទាប់បន្សំដែលមើលមិនឃើញនោះផង។ អ្វីដែលសំខាន់គឺគម្រោងធំនេះ មានដីរហូតដល់ជាង ៥០ហិកតា ហើយប្រើទុនខ្ពស់ ដែលលោកបានហៅការចូលហ៊ុនរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ជាមួយនឹងលោករួមគ្នាជាបីហ៊ុននាពេលនេះថា ជាការជួយដំណើរការបើកជំនួញដីធ្លីរបស់លោកដើរលឿន។

ទស្សនិកជននៅមិនទាន់ដឹងថាលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត បោះទុនក្នុងម្នាក់ប៉ុន្មានលានដុល្លារនោះ ប៉ុន្តែអ្វីដែលលោកឡេង ណាវ៉ាត់ត្រា បានបង្ហាញលើបណ្តាញសង្គម គឺបញ្ជាក់យ៉ាងច្បាស់ថា កំពូលតារាចម្រៀងទាំងពីរ មិនបានកាច់កុងគ្នា ដូចអ្វីដែលមានការយល់ច្រលំនោះទេ។ ផ្ទុយទៅវិញ បើទោះជាមើលមួយភ្លែត គឺអ្នកទាំងពីរប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាព និងទីផ្សារសិល្បៈ តែសម្រាប់ទំនាក់ទំនងខាងក្រៅសិល្បៈ គឺអ្នកទាំងពីរជាដៃគូជំនួញយល់ចិត្តគ្នា ទើបឈានដល់ការបោះទុនម្នាក់ៗ មិនតិចជាងលានដុល្លារ ជាមួយនឹងលោក ឡេង ណាវ៉ាត់ត្រា បើកគម្រោងពុះឡូតិ៍រួមគ្នា និងមានសង់វីឡាលក់ផង ដែលនេះគឺជាជំនួញមិនធម្មតា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ