១. ទឹកជ្រោះចំបក់
សហគមន៍អេកូធម្មជាតិ ចំបក់ ជារមណីយដ្ឋានធម្មជាតិទាក់ទាញមួយក្នុងខេត្ត កំពង់ស្ពឺនៅទីនេះមានទេសភាពដ៏ស្រស់ស្អាតដូចជា ព្រៃភ្នំ ទឹកជ្រោះជាច្រើនកន្លែង នឹង រូងប្រជៀវជាដើម។ សម្រស់ធម្មជាតិទាំងអស់នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ដែលមកកម្សាន្ត ដក់ជាប់អារម្មណ៍ជានិច្ច។
ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ។ ភ្ញៀវទេសចរ អាចធ្វើដំណើរពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៨៥ បទស្ដាំត្រង់ត្រែងត្រយឹង ផ្លូវចូលគិរីរម្យ មានចម្ងាយប្រហែល២០គីឡូម៉ែត្រ លុះដល់ជើងភ្នំគិរីរម្យបត់ស្កាំតាមផ្លូវក្រួសក្រហមចម្ងាយប្រហែល៨ គីឡូម៉ែត្រ នោះយើងនឹងទៅដល់សហគមន៍អេកូធម្មជាតិ ចំបក់ ។
មុនចូលទៅដល់ទៅដល់កន្លែងទឹកធ្លាក់ ភ្ញៀវទេសចរណ៍ ត្រូវជិះរទេះគោ ឬម៉ូតូឌុប ចម្ងាយប្រហែលជាង២គីឡូម៉ត្រ បន្ទាប់មកធ្វើដំណើរដោយថ្មើរជើងឡើងលើភ្នំ ជាច្រើនគីឡូម៉ែត្រទៀតទើបទៅដល់កន្លែងកម្សាន្តជាច្រើនដែលមានចម្ងាយផ្សេងៗគ្នា។ ប្រិយមិត្តគួរតែមាន ទឹក ឬ អាហារ ជាប់តាមខ្លួន ព្រោះផ្លូវធ្វើដំណើរនៅកណ្ដាលព្រៃជ្រៅ។
២. ទំនប់ស្ទឹងតាសាល
ទំនប់ស្ទឹងតាសាល មានលក្ខណៈទាក់ទាញមិនចាញ់ទំនប់ម្លេចនៅខេត្តកំពត ដោយសារទីនោះមានផ្ទៃទឹកបឹងយ៉ាងធំ ហ៊ុមព័ទ្ធដោយភ្នំតូចធំវែងអន្លាយរំលេចសម្រស់ធម្មជាតិព្រៃភ្នំ រួមទាំងមានទំនប់ទឹកហូរ ដែលអាចឲ្យភ្ញៀវចុះមុជទឹកលេងកម្សាន្តយ៉ាងសប្បាយទៀតផង។
ទំនប់ស្ទឹងតាសាលមានចម្ងាយជាង ៧០ គីឡូម៉ែត្រ ខាងលិចទីរួមខេត្តកំពង់ស្ពឺ។ ធ្វើដំណើរតាមផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅរួមស្រុកឱរ៉ាល់ដល់រង្វង់មូលកន្ទួត ទៅត្រង់តាមផ្លូវលំចម្ងាយជាង ១៥ គីឡូម៉ែត្រដោយឆ្លងកាត់រមណីយដ្ឋានទេទឹកពុះ នឹងឃើញស្លាកបង្ហាញទំនប់ស្ទឹងតាសាល រួចបត់ឆ្វេងតាមផ្លូវកៅស៊ូចម្ងាយជាង ៤ គីឡូម៉ែត្រនឹងដល់តំបន់កម្សាន្តទេសភាពធម្មជាតិនេះ។
៣. ទំនប់ម្លេច
ទំនប់ម្លេច ប្រៀបប្រដូចជា ឋានសួគ៌មួយ ព្រោះវានៅជ្រលងភ្នំ ធ្វើឲ្យអ្នកទស្សនាស្រស់ស្រាយអារម្មណ៍ លង់នឹងបឹងធម្មជាតិ អមជាមួយភ្នំសាងខាង មានប្រជាជននេសាទ គោក្របីអ្នកស្រុក និង សត្វស្លាបជាច្រើនប្រភេទហើរស៊ីចំណីនៅទីនោះ។
រមណីយដ្ឋានដ៏ស្អាតបំផុតនេះ មានទីតាំងស្ថិតនៅ ព្រំប្រទល់រវាងខេត្តកំពតនិង តាកែវ ក្នុងទឹកដី ស្ថិតនៅឃុំ ជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដោយបទស្ដាំចូលប្រវែងប្រហែល៦ គីឡូម៉ែត្រ។
នៅដើមផ្លូវមានអតីតសកលវិទ្យាល័យមួយមានឈ្មោះថា “ភូមិន្ទតាកែវកំពត” ប៉ុន្តែសាកលវិទ្យាល័យមួយនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ។ គ្រាន់ជិះចូលភ្លាមយើងនឹងឃើញទេសភាព ចម្ការអ្នកស្រុក ភ្នំនារាយណ៍ ឬភ្នំមេអំបៅ អមសងខាង ដ៏ស្រស់បំព្រង ។
៤. ថ្មរូង
ថ្មរូង ជារមណីយដ្ឋានធម្មជាតិមួយ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចំងាយពីភ្នំពេញប្រហែល១១៥គីឡូម៉ែត្រ បត់ស្ដាំប្រហែល៧គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់ រមណីយដ្ឋានថ្មរូង។ នៅទីនេះ ជាកន្លែងកម្សាន្តបែបធម្មជាតិមួយ ដោយភ្ញៀវអាចទស្សនា ព្រៃភ្នំធម្មជាតិ ក៏ដូចជាងូតទឹកលេង យ៉ាងសប្បាយរីករាយ។