ក្រុមហ៊ុនដែលមានតម្លៃទីផ្សារធំបំផុតនៅវៀតណាម Vingroup បានប្រកាសថា ខ្លួននឹងបញ្ចេញស្មាតហ្វូនផលិតក្នុងស្រុកលើកដំបូង ចំនួន ៤ម៉ូដែល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមម៉ាកយីហោ “Vsmart” ។
យោងតាមសារព័ត៌មាន Reuters ដែលដកស្រង់សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Vingroup នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះបានឲ្យដឹងថា ស្មាតហ្វូន Vsmart ត្រូវបានផលិតឡើងនៅរោងចក្រនាក្រុង Haiphong ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម។ រោងចក្រ Vingroup នោះ អាចផលិតស្មាតហ្វូន ចំនួន ៥លានគ្រឿងក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទីមួយ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា Vingroup មានភាគហ៊ុន ៥១ភាគរយ នៅក្រុមហ៊ុនបច្ចេកវិទ្យាអេស្ប៉ាញ BQ ហើយខ្លួននឹងប្រើប្រាស់អ្នកជំនាញអេស្ប៉ាញ ដើម្បីអភិវឌ្ឍស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែទំនើប នៅពេលអនាគត។ យ៉ាងណាមិញ មិនទាន់មានការបង្ហាញរូបរាងស្មាតហ្វូន Vsmart ជាផ្លូវការ នៅឡើយទេ។
សូមជម្រាបថា ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនរបស់វៀតណាមទីមួយ ដែលបានផលិតរថយន្តក្នុងស្រុកលើកដំបូង ក្រោមម៉ាកយីហោ VinFast ដែលទើបតែប្រកាសចេញជាផ្លូវការកាលពី ២ខែកន្លងទៅ។
Vingroup នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ដូចជា Samsung និង Apple ដែលកំពុងលក់ស្មាតហ្វូនសម្រាប់ប្រជាជនវៀតណាមជាង ៩៥លាននាក់។ វៀតណាម គឺជាទីតាំងដំឡើងទូរសព្ទឲ្យក្រុមហ៊ុនកូរ៉េ Samsung ធំបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា តាមសេចក្ដីថ្លែងការណ៍ខាងលើ Vingroup នឹងផលិតទូរទស្សន៍ស្មាតធីវី និងផលិតផលអេឡិចត្រូនិកផ្សេងៗទៀតផងដែរ នៅពេលអនាគត៕
ប្រភព៖ Sabay