ភ្នំពេញ៖ បុរសដែលផ្ទុះអាវុធ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះសមត្ថកិច្ចបានទាញទ្វារបិទ ហាក់បីដូចជាព្យាយាមបិទបាំង មិនព្រមផ្ដល់ព័ត៌មានអោយក្រុមអ្នកយកព័ត៌មានយើងនោះទេ។
កាលពីវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវលេខ៦៦៦A1 ស្ថិតក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដឹងថា កាលពីវេលាម៉ោង១១:១០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានធ្វើដំណើរតាមរថយន្តចេញពីទួលក្រសាំងតែម្នាក់ឯងឆ្ពោះមកផ្ទះ ហើយមុនពេលចេញពីទួលក្រសាំង គាត់ទូរស័ព្ទមកប្រពន្ធអោយចាំបើកទ្វារផ្ទះ ភ្លាមនោះប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់គាត់ នៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ លុះមកជិតដល់ផ្លូវចូលបុរីខាងលើ គាត់ឈប់រថយន្ត ចុះចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ ហើយគាត់ក៏ជិះឡានមកផ្ទះ រួចមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែជនបង្កនោះ ស្រែកសួរខ្ញុំថា ហ៊ែងទៅណា ហើយអាមេកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មួយដើម ចុះឡើងៗ ទើបគាត់ឃើញសភាពមិនស្រួល ក៏បើករថយន្តថយក្រោយត្រឡប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញ ហើយប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ផង ព្រោះគាត់ភ័យហើយនឹងមិនអាចចូលទៅផ្ទះបានទេ ភ្លាមៗនោះ ទើបសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនជនបង្កនោះយកទៅប៉ុស្តិ៍តែម្តង។ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរបន្ត ព្រោះពេលទៅដល់មុខប៉ុស្តិ៍សមត្ថកិច្ច ទាញទ្វារបិទ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារបិទ ហាក់បីដូចជាព្យាយាមបិទបាំង មិនផ្ដល់ព័ត៌មានជូនក្រុមអ្នកយកព័ត៌មានយើងនោះទេ ៕
ប្រភព៖ ហ្វាសុី ព័ត៍មានពិត