ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការអនុម័តយល់ព្រមចុះ ល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំគ្រប់ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពគ្រប់ស្ថាប័ន ពិសេសសូមអំពាវនាវប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមចូលរួមអបអរសាទរតាមការវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រឹះស្ថានសិក្សានានា រមណីយដ្ឋាន និងទីវត្តអារាមផងដែរ។
ក្រៅពីរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើបែបនេះនៅទូទាំងប្រទេស ដើម្បីជាសក្ខីភាព នៃភាពជោគជ័យដ៏ត្រចៈត្រចង់របស់ជាតិខ្មែរទាំងមូល៕