• ទីបំផុត សិស្សនិទ្ទេស A លំដាប់កំពូល កញ្ញា ថន រតនា សម្រេចបំណងប្រាថ្នាជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យពេទ្យ

    (ភ្នំពេញ)៖ ទីបំផុតទៅ កញ្ញា ថន រតនា សិស្សនិទ្ទេស A លំដាប់កំពូលមានឪពុកជាអ្នករត់ម៉ូតូឌុបនោះ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនប្រឡងចូលសិក្សានៅសាកលវិទ្យាល័យពេទ្យបានសម្រេចហើយ។

    យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិ ដែលសាព័ត៌មានទទួលបាននៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កញ្ញា ថន រតនា បានប្រឡងជាប់ថ្នាក់អាហារូបករណ៍ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលឆ្នាំសិក្សា២០១៨-២០១៩។

    ការសិក្សានៅសាកលវិទ្យាល័យពេទ្យ គឺជាបំណងប្រាថ្នារបស់កូនស្រីអ្នករត់ម៉ូតូឌុបរូបនេះ។ ប៉ុន្តែដើមឡើយ កញ្ញា រតនា មានការអស់សង្ឃឹមខ្លាំងក្នុងការឈានទៅសម្រេចបំណងប្រាថ្នាមួយនេះ បើទោះបីកញ្ញាប្រឡងជាប់និទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេក៏ដោយនោះ។

    ការអស់សង្ឃឹមក៏ដោយសារតែកញ្ញា គិតថា ការរៀនមហាវិទ្យាល័យពេទ្យបើទោះបីជាប់អាហារូបករណ៍ក៏ដោយ តែកញ្ញាប្រហែលមិនអាចមានលទ្ធភាពសម្រាប់ចំណាយលើការទិញសម្ភារៈសិក្សា និងការចំណាយផ្សេងៗនោះដែរ។

    បន្ទាប់ពីទទួលបានឮទុក្ខកង្វល់របស់យុវតីរូបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញមុខបញ្ចប់កង្វល់របស់កញ្ញា និងបានលើកទឹកចិត្តកញ្ញាឲ្យដាក់ពាក្យប្រឡងនៅមហាវិទ្យាល័យ ព្រមទាំងប្រកាសរាប់រងរាល់ការចំណាយលើតម្រូវការសិក្សារបស់កញ្ញាផងដែរ។ រតនា បានប្តេជ្ញាប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន រួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ