លោក Jack Ma ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba ត្រូវបានបញ្ជាក់ថា ជាសមាជិកបក្សកុម្មុយនិស្ដចិន។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយកាសែតរដ្ឋចិន People’s Daily ដោយចាត់ទុកលោកជាមេដឹកនាំជំនួញ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។
Jack Ma គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស ១០០នាក់ ដែលគណៈកម្មាធិការមជ្ឈិមបក្សចិននឹងផ្ដល់ពានរង្វាន់កិត្តិយស ជាផ្នែកមួយដើម្បីគម្រប់ខួប ៤០ឆ្នាំ ចាប់តាំងពីកំណែទម្រង់សេដ្ឋកិច្ច និងការបើកចំហររបស់ប្រទេសចិន។
ពានរង្វាន់កិត្តិយសនេះ ក៏នឹងផ្ដល់ជូនលោក Pony Ma នាយកប្រតិបត្តិក្រុមហ៊ុន Tencent Holdings Ltd លោក Robin Li នាយកប្រតិបត្តិក្រុមហ៊ុន Baidu Inc លោក Yao Ming តារាបាល់បោះ និងលោក Lang Ping គ្រូបង្វឹកបាល់ទះ។
សូមបញ្ជាក់ថា Jack Ma គឺជាអ្នកមានជាងគេក្នុងប្រទេសចិន ដោយមានទឹកប្រាក់ ៣៨,៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់ Bloomberg Billionaires Index។ លោក Ma បានប្រកាសកាលពីខែកញ្ញា ២០១៨ កន្លងទៅថា លោកគ្រោងនឹងប្រគល់តួនាទីអគ្គនាយករបស់លោក ទៅឲ្យលោកនាយកប្រតិបត្តិ Daniel Zhang នៅឆ្នាំ២០១៩ ខាងមុខ៕
ប្រភព៖ Sabay