លោកវ៉ាងជាអ្នកលក់មីគុយទាវនៅស្ថានីយ៍រថភ្លើង អស់រយៈពេលជាង ២០ឆ្នាំហើយ ហើយ២០ឆ្នាំនេះ គាត់ពុំដែលបង្ករឿងជាមួយអ្នកណាទេ ។
គាត់រក្សាតម្លៃ មី គុយទាវ ១ចាន ដូចគេឯង ទោះពេលខ្លះអ្នកលក់ផ្សេងទៀត មានការដេញជើងដំឡើងថ្លៃក៏ដោយចុះ ។ ចំពោះគាត់សីលធម៌របស់មនុស្សគឺសំខាន់ជាងគេបង្អស់ ។
ថ្ងៃនោះគាត់កំពុងឆ្លៀតពេលរថភ្លើងមិនទាន់មកដល់ ទម្រេតខ្លួន ក៏មានភ្ញៀវប្រុសស្រី២រូប ជជែកគ្នាយ៉ាងសប្បាយចូលមកហៅមី ១ចានធំ បរិភោគរួមគ្នា ។ គាត់ប្រញាប់ធ្វើមីរួច ក៏មកទម្រេតលើកៅអីវិញ ។
ស្រាប់តែឮសូរខ្លឹមសានៃការជជែកគ្នារវាងបុរស និងនារី ២នាក់នោះ គាត់ចាប់ផ្តើមមន្ទិលសង្ស័យ… ។ នារីនោះបានស្រែកហៅឲ្យគិតលុយ គាត់ឆ្លើយយ៉ាងព្រងើយថា ២៥ដុល្លារ (តាមធម្មតាគឺ ៣ដុល្លារប៉ុណ្ណោះ) ។ នារីនោះផ្ទុះកំហឹងស្រែកខ្លាំងៗ “ស្អីមីមួយចានយ៉ាងច្រើន ៥ដុល្លារ ម្តេចក៏កោរម្លេះ!? ។ លោក វ៉ាង ឆ្លើយយ៉ាងឱលំទោនថា ៖ បាទ ! ២៥ដុល្លារ បើនាងមិនព្រម ហៅប៉ូលិសមក ប៉ូលិសនឹងប្រាប់ថា ពិតជា… ២៥ដុល្លារមែនណា៎! ។
ទោះបីជាបុរសនោះបានឃាត់ហើយថា ២៥ដុល្លារ ក៏ ២៥ដុល្លារទៅ កុំរញ៉េរញ៉ៃធ្វើស្អី! ប៉ុន្តែនារីនោះពុំព្រម ព្រោះវា…កោរជ្រុល ។ នាងក៏ទូរស័ព្ទហៅប៉ូលិសប្រចាំការ ។
ប៉ូលិសមកដល់ នាងបានរាយការណ៍យ៉ាងប្រញាប់ ពីអ្វីដែលកើតឡើង ។ ប៉ូលិសក៏ងាកមកសាកសួរលោក វ៉ាង ដែលកំពុងឈរនៅឆ្ងាយពីនារីនោះបន្តិច ។ មួយសន្ទុះប៉ូលិសវិលមកបុរសនោះវិញ ហើយចាប់ផ្តើមធ្វើការឆែកឆេរ ។ គេរកឃើញឯកសារគួរឲ្យមន្ទិលសង្ស័យជាច្រើននៅក្នុងកាបូបបុរសនោះ ហើយក៏ហៅទៅប៉ុស្តិ៍ប៉ូលិសជាមួយ ។
…ចំណែកនារីនោះ ក៏អង្គុយនហាងរបស់លោកវ៉ាង ដើម្បីរង់ចាំ ។ បុរសត្រកូលវ៉ាវ ដែលជាម្ចាស់ហាងក៏និយាយប្រាប់នារីនោះថា ៖ ខ្ញុំបានស្តាប់ឮការសន្ទនារបស់អ្នកទាំង២ ទើបដឹងថា ពុំមែនជាសង្សារអ្វីទេ ហើយបុរសនោះកំពុងបបួលនាងចូលធ្វើការនៅភោជនីយដ្ឋាន “ជាន់ខ្ពស់” ក្បែរនោះ ហើយថែមទាំងប្រាប់ថា បើនាងមានមិត្តភក្តិឲ្យបបួលមក នាងនឹងទទួលបានប្រាក់អប្បរមាបន្ថែម ។
ពេលនេះខ្ញុំនឹងថា បុរសនោះកំពុងព្យាយាមនាំយកនាងទៅ…លក់ហើយ ទើបខ្ញុំរកលេសឲ្យនាងហៅប៉ូលិសមក ។ មុននេះខ្ញុំបានរាយការណ៍ប្រាប់សមត្ថកិច្ចហើយ ។
នារីវ័យ ១៩ឆ្នាំរូបនេះ ភ្ញាក់ខ្លួនព្រើតដឹងខ្លួនថា ប៊ិះចាញ់បោកមនុស្សប្រុស ដែលនាងទើបស្គាល់តាមបណ្តាញសង្គម ១រយៈខ្លី គេថាគេមានលុយ ហើយអាចជួយនាងរកការងារធ្វើបាននៅទីក្រុង…។ល។
ចុងក្រោយមី១ចាន ២៥ដុល្លារ ក៏លោកវ៉ាងមិនបានយក ហើយថែមទាំងទូរស័ព្ទឲ្យឪពុកម្តាយរបស់នាងមកទទួលយកកូនទៅវិញ ។ នេះទើបជាសីលធម៌របស់អ្នកលក់មី១ចាន… ២៥ដុល្លារ ។
ក្មេងស្រីទាំងឡាយ អ្នកត្រូវមានការប្រុងប្រយ័ត្នកុំឲ្យចាញ់បោកគេដោយហេតុការណ៍ផ្អែមល្ហែមឲ្យសោះណា៎! ៕