(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យចាប់អារម្មណ៍ទៀតហើយ សម្រាប់តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ពេជ្រ សោភា ខណៈដែលថ្មីៗនេះ បានលេចឮនូវព័ត៌មានរសើបមកថា គូស្នេហ៍ធ្លាប់តែផ្អែមល្ហែមជាមួយគ្នា គឺលោក ឆឹម សក្កដា បានលបលួចមានស្នេហាថ្មីចោលរូបនាង ធ្វើឲ្យ ពេជ្រ សោភា ក្ដៅស្លឹកត្រចៀក ឆេះដុំភ្លើងផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះដំណឹងនេះ ហើយចាត់ទុកថា ជាដំណឹងមានចេតនាចង់បំបែកបំបាក់រូបនាង និងគូស្នេហ៍ឲ្យមានភាពល្អក់កករនឹងគ្នា។
ពេជ្រ សោភា បានបង្ហាញនៅលើបណ្ដាញសង្គមរបស់នាង ជាបន្តបន្ទាប់ក្នុងន័យបញ្ឆិតបញ្ឆៀង ហាក់មិនសប្បាយចិត្តថា នាងពិតជាមានការអាក់អន់ស្រពន់ចិត្ត ចំពោះដំណឹងទាំងនេះខ្លាំងណាស់ ហើយក៏ពិបាកទ្រាំដែរ និងយល់ថា អ្នកនិយាយបែបនោះ គឺក្នុងន័យឲ្យនាង និងសង្សារបែកបាក់គ្នា ហើយពួកគេចាំឈរមើលតែម្តង បានគេសប្បាយចិត្ត។
តារាចម្រៀងបែបយុវវ័យ ដែលនៅតែរក្សាបានប្រជាប្រិយភាពខ្លាំង អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ឲ្យដឹងថា នាងពិតជាហួសចិត្តខ្លាំង ចំពោះអ្នកដែលដើរនិយាយបែបនេះចេញមក ទាំងដែលនាង និងគូស្នេហ៍មិនបានដឹងខ្លួនទាល់តែសោះ។ ប៉ុន្តែនាងបានជឿជាក់លើគូស្នេហ៍ ជាមនុស្សមានចិត្តស្មោះ ហើយអ្នកដែលនិយាយនោះ អាចនិយាយមួយសេរីទៀត ក៏បានដែរ ព្រោះអ្វីដែលសំខាន់ គឺពួកគេទាំងពីរនាក់យល់ចិត្តគ្នាច្បាស់។
អ្វីដែលគួរឲ្យកត់សម្គាល់ លើការសង្ស័យថា ពេជ្រ សោភា ប្រឈមការចែកផ្លូវគ្នាជាមួយ ឆឹម សក្កដា នៅពេលនេះ គឺចំពេលដែលអ្នកទាំង២ លែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាដូចមុនទៀត ហើយលែងទាំងបណ្តើរគ្នា ទៅចូលរួមកម្មវិធីអ្នកសិល្បៈទៀតផង គឺពួកគេបែរជាដើរផ្សេងៗគ្នាទៅវិញ ទើបធ្វើឲ្យចំណងស្នេហ៍ធ្លាប់តែផ្អែមល្ហែម ប្រែទៅជាសោះកក្រោះអស់រលីង ហើយត្រូវបានអ្នកគាំទ្រ តែងតែសង្ស័យថា ជាស្នេហាក្លែងក្លាយ។
ទោះបីជាយ៉ាងណា ពេជ្រ សោភា នៅតែអះអាងថា ចំណងស្នេហារវាងនាង និងប្រុសក្មេង ឆឹម សក្កដា គ្មានអ្វីត្រូវប្រែប្រួលនោះទេ គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងជ័យប៉ុណ្ណោះ ខណៈដែលការងារសិល្បៈ និងមុខជំនួញធ្វើឲ្យពួកគេរវល់រៀងៗខ្លួន ពុំមានពេលវេលាគ្រប់គ្រាន់ ទើបពិធីចូលរោងការមិនទាន់គិតដល់៕