ព្រះសីហនុ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់រថយន្ដ) ដែលប្រព្រឹត្តនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ និយាយប្រាប់ កាលពីល្ងាចថ្ងៃអាទិត្យ ៣រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និយាយថាឡាយ សុផន ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចស្រុកពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់រថយន្ដ) ដែលប្រព្រឹត្តនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានដកហូតរថយន្ដមួយគ្រឿង ម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-2718។
បន្ទាប់ពីឃាត់ខ្លួន និងឆ្លងតាមការសួរនាំ កម្លាំងការិយាល័យបានបន្ដទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ហុង សារឿន អាយុ ៥០ឆ្នាំ នៅចំណុចភូមិពុទ្ធសាំង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយឈានដល់ការដកហូតអាវុធខ្លី ១ដើម ដែលប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ដែលដាក់ក្នុងកំសៀវកប់ដីក្រោមដើមត្របែកនៅក្រោយផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ ម៉ាកC2075 លេខA257297 បង់មួយ មានគ្រាប់ ១០គ្រាប់។
លោក បន្ដថា ជនសង្ស័យ គឺជាអ្នកនៅធ្វើការឲ្យជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះមិននៅ រវល់ទៅក្រៅប្រទេស ជនសង្ស័យបានលួចយករថយន្ត និងលុយ រួមទាំងអាវុធខ្លី បើកចេញទៅតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជួនមកដល់ស្នងការដ្ឋាននគរបាលខេត្ដហើយ ដើម្បីបន្ដចាត់ការតាមនីតិវិធីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្ដ។
គួររំឭកផងដែរថា ជនសង្ស័យឈ្មោះ ហុង សារឿន កាលពីអំឡុងឆ្នាំ២០០០ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ទៅលើមនុស្ស២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយប្រើកាំភ្លើងវែងម៉ាក AK47 នៅភូមិរវាង ស្រុកទ្រាំង ខេត្តតាកែវ និងបានជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០០ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ នៅពន្ធនាគារខេត្តតាកែវ។ ដោយឡែកឈ្មោះ ឡាយ សុផល ក៏ធ្លាប់ជាប់ពន្ធនាគារ១១ឆ្នាំផងដែរ ពីបទប្លន់ នៅឆ្នាំ២០០០ ដល់ឆ្នាំ២០១១ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕