ភ្នំពេញ៖នាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរីមួយរូប ឋានៈអនុសេនីយ៍ទោមានឈ្មោះ សារី ឡងឌី តួនាទីជាជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ទទួលការកោតសរសើរពីប្រជាពលរដ្ឋ ក៏ដូចជានាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីមន្រ្ដីអាវុធហត្ថរូបនេះ បានសាងអំពើល្អជាច្រើន ជាពិសេសចុះជួយប្រជាពលរដ្ឋ ពេលមានគ្រោះថ្នាក់នានា។
ប្រភពពីមន្រ្ដីអាវុធហត្ថ បានឲ្យដឹង ថា កន្លងមកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែរំលឹកដាស់តឿន ដល់នាយអាវុធហត្ថគ្រប់រូប ឲ្យសាងអំពើល្អ ស្រលាញ់ បម្រើប្រជាជនដោយស្មោះ និងជួយប្រជាជនគ្រប់កាលៈទេសៈឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត។
ជាក់ស្តែងលោកអនុសេនីយ៍ទោឈ្មោះ សារី ឡងឌី បានជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ ត្រូវបានប្រជាពលរដ្ឋ ធ្វើការកោតសរសើរមិនដាច់ពីមាត់។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍សៅ សុខា បានបញ្ជាឲ្យជំនាញបុគ្គលិកបំពេញឯកសារស្នើសុំប័ណ្ណសរសើរជូនលោកអនុសេនីយ៍ទោសារី ឡងឌីផងដែរ៕
ប្រភព៖ bbn-tv