ស្ត្រីម្នាក់មានប្តីបានកូន៣ហើយ មិនស្កប់ទៀតបានសុំប្តីនាំប្រុសសហាយមករស់នៅក្នុងផ្ទះជាមួយទៀត ដោយគំរាមប្តីថា បើមិនព្រមឱ្យសហាយគេមករស់នៅជាមួយ គេនឹងរត់តាមសហាយ រហូតប្តីដាច់ចិត្តឱ្យនាំប្រុសសហាយមករស់នៅលើផ្ទះជាមួយហើយ បែរជាយប់ឡើងលួចទៅដេកឱបសហាយធ្វើឱ្យប្តីក្តៅចិត្ត ប្តឹងសមត្ថកិច្ចចាប់ទាំងយប់ បង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីមានឈ្មោះ នី សាវឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ ទឹម សុណារ៉ា អាយុ ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិជាមួយគ្នា មានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានកូនចំនួន៣នាក់ ស្រី២ប្រុស១ កូនស្រីច្បងអាយុ១៥ ឆ្នាំ និងកូនពៅស្រី១១ឆ្នាំ ។ រីឯបុរសជាសហាយជាបុរសពោះម៉ាយមានឈ្មោះ ហ៊ាប គូក អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
បុរសជាប្តីបាននិយាយប្រាប់ថា គាត់មានប្រពន្ធ២លើកមកហើយ លើកទីមួយគាត់បានរៀបការត្រឹមត្រូវ តែមិនទាន់បានផ្សំដំណេកផងនារីជាប្រពន្ធនោះបានរត់ទៅនៅជាមួយប្រុសផ្សេងបាត់ ។ លុះបានប្រពន្ធក្រោយមិនបានរៀបការត្រឹមត្រូវទេ ប៉ុន្តែបានទំនាក់ទំនងស្រឡាញ់គ្នា១៦ឆ្នាំហើយ បង្កើតបានកូន៣នាក់ផងដែរ ព្រមទាំងបានចុះអេតាស៊ីវិលជាមួយគ្នាប្តីប្រពន្ធស្របច្បាប់ តែប្រពន្ធគាត់ហែកអេតាស៊ីវិលចោលបាត់ហើយ ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ប្រមាណជាង២ខែមុន ប្រពន្ធបាននិយាយរឿងប្រាប់ប្តី ថារូបគាត់មានទំនាក់ទំនងជាមួយបុរសជាសហាយតាម facebook បានសុំឱ្យ សហាយមករស់នៅជាមួយ តែប្តីមិនព្រម លុះក្រោយមកប្រពន្ធគាត់នៅតែអង្វរក ច្រើនដងពេក ហើយថែមទាំងប្រាប់ថា បានទំនាក់ទំនងគ្នាស៊ីជម្រៅជាមួយគ្នា បានពីរបីដងរួចមកហើយផងដែរ ។
ស្រ្តីជាប្រពន្ធបានអង្វរសុំឱ្យសហាយមករស់នៅជាមួយក្នុងទំនាក់ទំនងជាបងប្អូនទេ ដោយសុំឱ្យសហាយរស់នៅខាងមុខផ្ទះ ព្រោះបុរសជាសហាយ បាក់ចិត្តស្រលាញ់ពេក បើមិនឱ្យសហាយមករស់នៅជាមួយទេ គាត់នឹងរត់ទៅរស់នៅជាមួយគេ ទើបគាត់ជាប្តីបានឱ្យមករស់នៅជាមួយបាន២ថ្ងៃ២យប់ ហើយគាត់តែងតែលួចឃ្លាំមើលរហូតយប់កើតហេតុប្រពន្ធរបស់គាត់មិនទៅដេកជាមួយគាត់ទេ បែរជាទៅដេកឱបជាមួយសហាយស្មន់ទៅវិញ រហូតធ្វើឱ្យគាត់ផ្ទុះភ្លើងប្រចណ្ឌបានចាក់សោផ្ទះរួចហើយបាន ទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ឃាត់ប្រពន្ធ និងសហាយស្មន់យកទៅសាកសួរភ្លាមៗផងដែរ ។
បន្ទាប់ពីកើតហេតុភ្លាមៗ បុរសជាប្តីខឹងខ្លាំងពេកបានដាក់ពាក្យបណ្តឹងទាមទារសំណងពី ប្រពន្ធនិងប្រុសជាសហាយចំនួន ៣ម៉ឺនដុល្លារ ដើម្បីសងជំងឺផ្លូវចិត្ត ។ ដោយសារតែបុរសជាប្តីនៅតែស្រឡាញ់ប្រពន្ធ ទោះបីជាដឹងថាប្រពន្ធលួចមានសហាយក៏ដោយ ក៏នៅតែចិត្តមិនដាច់អាណិតកូននៅសិក្សា បានសម្រេចចិត្តដកពាក្យបណ្ដឹងវិញ គ្រាន់តែអោយបុរសជាសាហាយ បែកចេញពីគ្រួសាររបស់គាត់ ព្រមទាំងអោយប្រពន្ធរបស់គាត់ ធ្វើកិច្ចសន្យាចំពោះមុខ សមត្ថកិច្ចជួយដឹងលឺនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ៕