ភ្នំពេញ៖ ពិព័រណ៍បង្ហាញការហោះហើរឧទ្ធម្ភាគចក្រប្រភេទ M-171A2 និង ANSAT របស់ក្រុមហ៊ុន RUSSIAN HELICOPTER របស់រុស្ស៉ី នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការពារជាតិ និងលោកឧកញ៉ា ផងដែរ។
ការតាំងពិព័រណ៍ឧទ្ធម្ភាគចក្រទាំងពីរប្រភេទនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានវិស័យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលប្រទេសទាំងពីរកម្ពុជា-រុស្ស៉ី បានចុះកិច្ចព្រមព្រៀង សំដៅលើកកម្ពស់ការអភិវឌ្ឍ ផលិតនិងការនាំចេញផលិតផលបច្ចេកវិទ្យាផ្នែកឧស្សាហកម្មទំនើបរបស់រុស្ស៉ី មកកាន់កម្ពុជា ក៏ដូចជានៅលើពិភពលោក ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា រុស្ស៊ី គេយកមកបង្ហាញអោយក្រសួងការពារជាតិ មើលតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា មិនមែនជាការទិញឧទ្ធម្ភាគចក្រយោធាចំនួនពីរគ្រឿងពីរុស្ស៊ី នោះទេ។
អ្នកមកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នេះមិនមែនជាការទិញគេ គឺខាងរុស្ស៊ី គេយកមកបង្ហាញអំពីសមត្ថភាពឧទ្ធម្ភាគចក្រ របស់គេ តែយើងពេញចិត្តទិញ ឬមិន ជារឿងយើង៕