(ភ្នំពេញ)៖ ក្រោយពីលោកព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏ល្បាញល្បីបំផុត របស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ខណៈដែលពិធីបូជាសព របស់ព្រឹទ្ធភិរម្យវោហាសាស្ត្រ ប្រាជ្ញ ឈួន បានរៀបចំឡើងនៅល្ងាចមិញនេះ ក្នុងបរិវេណវត្តបទុម ក្នុងរាជធានីភ្នំពេញ យ៉ាងក្រៀមក្រំ និងអាលោះអាល័យជាទីបំផុត។
យ៉ាងណាមិញ កូនចៅ និងកូនសិស្សរបស់លោកជាច្រើននាក់ បានធ្វើការ ដេញចាប៉ីដងវែង ដែលរៀបរាប់ ពីការដឹងគុណ ដល់លោកតា ប្រាជ្ញ ឈួន ដើម្បីជាការលាគ្នាលើកចុងក្រោយ ដែលជាការលាដោយគ្មានថ្ងៃត្រឡប់ របស់ស្ដេចចាប៉ីដងវែង មើលទៅពិតជាក្ដុកក្តួល ចិត្តយ៉ាងខ្លាំង។
ជាមួយគ្នានេះ ក្នុងថ្ងៃដ៏ក្រៀមក្រំ ក្នុងការធ្វើពិធីបូជា សព របស់ លោកតា ប្រាជ្ញ ឈួន អ្នកចូលរួមទាំងអស់ ពិតជាមិនអាចទប់ទឹកភ្នែកបានទេនោះ ចំពោះការលាចាកលោក របស់លោកតា បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវសោកស្តាយ និងក្រៀមក្រំជាទីបំផុត ព្រោះបាត់បង់សិល្បករជើងចាស់មួយរូប ដែលជានិមិត្តរូបសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ។ មួយវិញទៀត គឺបាត់បង់នូវ ធនធានមនុស្សយ៉ាងកម្រ ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យយ៉ាងប៉ិនប្រសប់ ផ្នែកសិល្បៈបុរាណខ្មែរ ពោលគឺផ្នែកចាប៉ីដងវែង៕