ស្រោមអនាម័យជាង៣ម៉ឺន នឹងធ្វើការចែកជូនដោយឥតគិតថ្លៃ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការឱ្យដឹងពី លោក តែង គន្ធា អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្ដល់បទសម្ភាសន៍ទៅកាន់វិទ្យុជាតិ កន្លងទៅថ្មីៗនេះ។
ចំណែកឯការចែកស្រោមអនាម័យនេះ នឹងធ្វើឡើងនៅតាមសួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ត។
តាមការលើកឡើងបន្ថែមទៀតរបស់ លោក តែង គន្ធា បានឱ្យដឹងថា ក្នុងឱកាសកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹងរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធីការពារ និងសារអប់រំមេរោគអេដស៍ ការរៀបចំកម្មវិធីប្រគំតន្ត្រី ការចែកស្រោមអនាម័យ និងក្រុមការងារធ្វើតេស្តឈាមស្ម័គ្រចិត្ត។
សូមជម្រាបជូនថា អត្រាឆ្លងជំងឺអេដស៍ថ្មីនៅកម្ពុជាបានថយចុះពី ១០០នាក់នៅឆ្នាំ១៩៩៨ មកនៅត្រឹម ៣នាក់ នៅឆ្នាំ២០១០ និងបន្តថយចុះនៅសល់ ២នាក់ នៅឆ្នាំ២០១៦។ ទោះជាយ៉ាងណា តាមការប៉ាន់ស្មានបច្ចុប្បន្ននេះ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៧២០០០នាក់។ ក្នុងនោះ អ្នកបានទទួលការព្យាបាលដោយឱកាសប្រឆាំងនឹងមេរោគអេដស៍ មានចំនួន ៥៧០០០នាក់ ឬស្មើនឹង ៧៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕
ប្រភព៖ Sabay