• មកដល​ពេលនេះ TikTok មានអ្នក​ប្រើប្រាស់​ជាង ៥០០ លាននាក់ នៅ​ទូទាំង ១៥០ ប្រទេស!

    (បច្ចេកវិទ្យា)៖ TikTok គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ សម្រាប់បង្កើត និង ចែករំលែកវីដេអូ ក៏ដូចជាការផ្សាយបន្តផ្ទាល់ ហើយកម្មវិធីមួយនេះ កំពុងមានភាពល្បីល្បាញខ្លាំង នៅក្នុងប្រទេសចិន ដោយសារតែ TikTok ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណេតរបស់ប្រទេសចិន មានឈ្មោះថា ByteDance ឬ Bytemod Pte Ltd។ បច្ចុប្បន្នកម្មវិធីនេះមានអ្នកប្រើប្រាស់ជាង ៥០០ លាននាក់ នៅទូទាំងប្រទេសចំនួន ១៥០ ប្រទេស។

    នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៧ ក្រុមហ៊ុនដ៏ធំ TikTok ByteDance បានចំណាយប្រាក់រហូតដល់ទៅ ១ ពាន់លានដុល្លារ ដើម្បីទិញតន្រ្តី។ ក្រុមហ៊ុនមួយនេះ មានមូលដ្ឋាននៅទីក្រុងស៊ាងហៃ ជាមួយការិយាល័យនៅ Santa Monica រដ្ឋកាលីហ្វ័រនីញ៉ា ដោយទទួលបានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម ដែលផ្តោតលើទីផ្សារយុវវ័យអាមេរិក។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ TikTok បាននឹងកំពុងតែក្លាយជាដៃគូប្រកួតប្រជែងរបស់បណ្ដាញ សង្គមយក្សហ្វេសប៊ុក «LASSO Apps» ដែលជាកម្មវិធីទើបនឹងបង្កើតថ្មី និងបាននឹងកំពុងតែដាក់ឲ្យដំណើរការសាកល្បងប្រើប្រាស់ ដើម្បីប្រកួតប្រជែងនឹង ក្រុមហ៊ុនដែលជាអ្នកបង្កើតកម្មវិធី «TikTok Apps»។

    បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុក អ៊ឹម វុត្ថា បានឲ្យដឹងថា« តើអ្នកដឹងទេថា «TikTok Apps» ជាអ្វី ដែលអ្នកទាំងអស់គ្នា និង មនុស្សក្នុងលោកកំពុងតែរីករាយជាមួយវា? «TikTok Apps» គឺមានន័យជាភាសាចិនហៅថា «Douying» ដែលមានន័យថា «វីឌីអូខ្នាតខ្លី» ហើយវាក៏ជាកម្មវិធីនៃបណ្តាញសង្គមមួយដែរ សម្រាប់បង្កើត និងចែករំលែកវីឌីអូខ្នាតខ្លី និងការផ្សព្វផ្សាយសោតទស្សន៍ដោយផ្ទាល់ ដែលកម្មវិធីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ នៅប្រទេសចិន ដោយក្រុមហ៊ុន ByteDance ឬ Bytemod Pte. Ltd របស់ចិន ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណេត ប្រតិបត្តិការលើ Several Machine Learning Enabled Content Platform»។

    ម្ចាស់គណនីខាងលើ បានបន្តថា «បច្ចុប្បន្នកម្មវិធីនេះ កំពុងពេញនិយម និង ធ្វើឲ្យចាប់អារម្មណ៍ពីអ្នកចូលចិត្តលេងបណ្តាញសង្គម នៅលើសកលលោកនេះ ហើយធ្វើឲ្យក្រុមហ៊ុននេះ រកចំណូលបានរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ព្រមទាំងធ្វើឲ្យក្រុមហ៊ុនបណ្តាញសង្គមធំៗ ដទៃទៀត កំពុងតាមចែចូវទិញយក ប៉ុន្តែក្រុមហ៊ុនដើមមិនអើពើលក់ជូន នោះឡើយ។ ដូច្នេះហើយ ធ្វើឲ្យក្រុមហ៊ុនហ្វេសប៊ុក ដែលជាក្រុមហ៊ុនបណ្តាញសង្គមហ្វេសបុកដ៏ធំលើសកលលោកនេះ កើតទុក្ខមិនសុខចិត្ត បានបង្កើត និង កំពុងដាក់ឲ្យដំណើរការ សាកល្បងប្រើប្រាស់ ដើម្បីជាកម្មវិធីថ្មីមួយ សម្រាប់ចេញមកប្រកួតប្រជែងនឹង ក្រុមហ៊ុនបង្កើតកម្មវិធី «TikTok Apps» នេះ។ កម្មវិធីថ្មីនោះមានឈ្មោះថា «LASSO Apps»។ សួរថា តើកម្មវិធីថ្មីនេះ វាមានអ្វីពិសេស និងខ្លាំង ជាងកម្មវិធី «TikTok Apps» របស់ចិនមួយនេះទៅ? ហើយអនាគតទៅវា នឹងមានអ្វីកើតឡើងទៀត នៅក្នុងយុគ្គសម័យនៃ ការវិវត្តន៍បច្ចេកវិទ្យាលើលោកនេះ? ហើយការរត់តាមគ្នា និងប្រជែងគ្នានេះ វានឹងធ្វើឲ្យប៉ះពាល់អ្វីខ្លះ ដល់អ្នកធ្វើគោលនយោបាយ និយ័តករ និងប្រតិបត្តិករ នៅក្នុងវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន?»។

    យ៉ាងណាមិញ បច្ចុប្បន្ននេះ គេសម្គាល់ឃើញថា ប្រទេសចិន បាននឹងកំពុងតែព្យាយាមប្រកួតប្រជែង ក៏ដូចជាពង្រីកវិសាលភាព នៃប្រព័ន្ធវិស័យបច្ចេកវិទ្យារបស់ខ្លួន ជាមួយនឹងប្រទេសមហាអំនាចជុំវិញពិភពលោក ដើម្បីបជ្រៀតទីផ្សារបច្ចេវិទ្យា ទៅក្នុងតំបន់អាស៊ាន និង តំបន់ជិតខាងរបស់ខ្លួន។ ជាក់ស្ដែងដូចជា កម្មវិធី «TikTok Apps» ដោយចាប់ផ្តើមរីកចម្រើន យ៉ាងឆាប់រហ័ស។ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ TikTok បានឈានដល់ចំណាត់ថ្នាក់ទី ១ នៅក្នុង App Store ដែលខ្ពស់ជាងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមដទៃទៀត ដូចជា YouTube, Instagram, Snapchat និង Facebook ។ នៅឆ្នាំ ២០១៨ TikTok មានអ្នកទាញយកប្រើប្រាស់រាប់លាន និង រាប់លានដងក្នុងមួយខែៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ