(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានធ្វើការវាយបកឈ្នះក្រុមភ្ញៀវក្រូអាត ២-១ វិញនៅនាទីចុងម៉ោង កក់កៅអីវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Nationals League នាយប់មិញនេះនៅកីឡដ្ឋាន Wembley។
នេះជាការសងសឹកគូសត្រូវចាស់ក្រូអាត បានសម្រេចវិញ បន្ទាប់ពីពួកគេបានចាញ់ដោយលទ្ធផល ២-១ នេះដែរកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីក្នុងនាទីបន្ថែម មុនពេលក្រូអាត បានទៅចាញ់បារាំងនៅវគ្គផ្តាច់ព្រ័ត្រនោះ។
ក្រុមរបស់លោក Gareth Southgate ត្រូវរង់ចាំដល់នាទីទី៧៨ ទើបរកគ្រាប់បានស្មើ ១-១ ពីការធ្វើបានសម្រេចដោយ កីឡាករមកពីក្លឹប Manchester United, Jesse Lingard មុនពេលប្រធានក្រុម Harry Kane រកបានគ្រាប់ជ័យជម្នះ នៅនាទីទី៨៥ ក្រោយពេល Andrej Kramaric រកបានគ្រាប់នាំមុខឲ្យក្រូអាតនៅនាទីទី៥៧។
តាមរយៈ៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យអង់គ្លេស បញ្ចប់ទៅដោយចំណាត់ថ្នាក់កំពូលតារាងនៃពូល A ក្រុម៤ ដែលទទួលបានកៅអី១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Nationals League ខណៈអេស្ប៉ាញ ឈរនៅលេខ២ និងក្រូអាត ហាលអាវឈរនៅលេខ៣ បាតតារាង៕