រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម សូ ម៉ារ៉ា បានថ្លែងថា ប្រទេសកម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងតិច ៣ លាន ៣សែន នាក់នៅឆ្នាំ២០២០ ។ នេះបើតាមឯកឧត្តមលើកឡើងក្នុងពិធីជំនួបផ្សព្វផ្សាយទេសចរណ៍ណាននីងនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឯកឧត្តម សូ ម៉ារ៉ា បានថ្លែងថា ចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជា។ នៅឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរចិន១លាន ៤សែននាក់ នៃចំនួនទេសចរបរទេសសរុប៥ លាន ៦សែននាក់។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន ដោយរៀបចំជាសៀវភៅសស្តីពី China Ready សម្រាប់ទេសចរចិន និងបានធ្វើសម្រួលការធ្វើដំណើរ និងបានផ្តល់ទិដ្ឋាការជាច្រើនប្រភេទដល់ទេសចរចិនផងដែរ។
ដើម្បីធ្វើការសម្រួលដល់ការធ្វើដំណើរ បច្ចុប្បន្នកម្ពុជា បានផ្តល់ទិដ្ឋាការជាច្រើនប្រភេទដល់ទេសចរចិន ដូចជាទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ទិដ្ឋាការអេឡិចត្រូនិច (E-Visa) និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ដល់ទេសចរចិនផងដែរ។
ជាងនេះទៀត កម្ពុជាបានសម្រួលដល់បដិសណ្ឋារកិច្ចសេវាកម្មដល់ទេសចរចិន ដោយបង្កើតឲ្យមានជើងហោះហើត្រង់ កម្ពុជា-ណាន នីង និងcharter flight ពីទីក្រុងធំៗរបស់ចិនផងដូចជា ទីក្រុង Hong Kong, Xiamen, Guangzhou, Shanghai, Beijing សរុបចំនួន១៨១ ជើងក្នុងមួយសប្តាហ៍ ដោយរាជធានីភ្នំពេញ មាន៧៦ ជើងក្នុងមួយសប្ពាហ៍ ខេត្តសៀមរាបមាន៩៣ ជើងក្នុងមួយសប្ពាហ៍ និងខេត្តព្រះសីហនុ មាន១២ ជើងក្នុងមួយសប្ពាហ៍ផងដែរ៕
ប្រភព៖ Sabay