នៅឆ្នាំ ២០០៦ ក្រុមហ៊ុនធំ៣របស់ជប៉ុនគឺ Asahi Breweries, Sumitomo Chemical និង Itochu បានសហការគ្នាជួលដីកសិកម្ម ១៥០០ហិកតា នៅឡៃយ៉ាង ខេត្តសានតុង ប្រទេសចិន ។ រយៈពេលក្នុងកិច្ចសន្យាជួលដីនេះគឺ ២០ឆ្នាំ ។
ប៉ុន្តែក្រោយពេលចុះហត្ថលេខាជួល ៥ឆ្នាំក្រោយមក ដីដែលជួលស្ទើទាំងស្រុងត្រូវបានទុកចោល… ។ សូម្បីតែស្មៅដុះផុតក្បាលមនុស្សក៏អ្នកវិនិយោគជប៉ុនមិនខ្ចីរវល់ដែរ ។
ឃើញបែបនេះ អាជ្ញាធរ និងប្រជាជននាតំបន់នោះបានបង្ហាញនូវភាពធុញទ្រាន់ពីរបៀបវិនិយោគរបស់ជប៉ុន ។ អ្នកខ្លះថាវាជាការខ្ជះខ្ជាយ ក្រុមហ៊ុនក្ស័យធន ហើយថែមទាំងបង្កើតពាក្យចចាមអារាមថាក្រុមហ៊ុននេះកំពុងស្វែងរកកំណប់ទ្រព្យ ។
សំណួរមួយទៀតដែលមានមជ្ឈដ្ឋានជាច្រើនចោទសួរនោះគឺ ហេតុអ្វីបានជាទឹកដីចិនធំទូលាយបែបនេះ តែក្រុមហ៊ុនធំៗ ៣របស់ជប៉ុនបែរជាជ្រើសរើសយកដីនៅឡៃយ៉ាង? ។ អំឡុងពេលក្រោយមកទើបគេដឹងថា តំបន់ដីឡៃយ៉ាងគឺជាតំបន់ដីដ៏សម្បូរជីវជាតិ ។ ប៉ុន្តែមុននោះពួកគេពុំបានដឹងពីការដែលជប៉ុន បានចំណាយពេលវេលា ប្រាក់កាក់ដើម្បីសិក្សាពីដីកសិកម្មនៅចិនជាច្រើនកន្លែង ។ ប៉ុន្តែគ្មានទីណាដូចឡៃយ៉ាងទេ ។
អំឡុងពេលក្រោយមកដែរនោះ ទើបគេដឹងថា មូលហេតុដែលក្រុមហ៊ុនជប៉ុនបានទុកដីទំនេររយៈពេល ៥ឆ្នាំគឺដើម្បីឲ្យផ្ទៃដីគេជួលនេះ វាមានពេល”សម្រាក” និង “ដកដង្ហើម” ។ ពួកគេបានពិនិត្យឃើញថា ផ្ទៃដីដែលសម្បូរជីវជាតិនេះ បែរជារិចរិល ក៏ព្រោះតែក្នុងរយៈពេលមួយយ៉ាងវែង គុណភាពដីធ្លាក់ចុះព្រោះតែថ្នាំសម្លាប់សត្វល្អិត និងជីគីមី ។ ដូច្នេះដីនេះត្រូវការពេលយ៉ាងតិច ៥ឆ្នាំ ដើម្បីកម្ចាត់ជាតិពុលចេញ ។
បន្ទាប់ពីទុកឲ្យទំនេរ ៥ឆ្នាំ ជនជាតិជប៉ុនចាប់ផ្តើមមូរដៃអាវធ្វើកិច្ចការរបស់គេ ។ ដំបូងពួកគេបានព្រលែងគោមួយហ្វូងធំលើផ្ទៃដី ១៥០០ហិកតានោះ ។
ប្រជាជននៅតំបន់នោះចាប់ផ្តើមតាមដាន ហើយងឿងឆ្ងល់ថា ហេតុអ្វីគោដែលជនជាតិជប៉ុនចិញ្ចឹមនោះវា “ស៊ីឆ្ងាញ់ជាងមនុស្ស” ទៀត ។ ពួកគេពិនិត្យឃើញម្ចាស់កសិដ្ឋានជប៉ុនពិនិត្យចំណីគោយ៉ាងម៉ត់ចត់ ហើយនៅពេលយកទឹកដោះពួកគេបានយកវាទៅវិភាគ ពេលខ្លះ ស្រាប់តែយកទៅចាក់ចោល ។ កសិករចិនលបតិះដៀលថា ពួកនេះខ្ជះខ្ជាយណាស់ ។
រយៈពេលវែងមួយក្រោយមកទៀត ទើបគេដឹងថា ការពិតទៅក្រុមហ៊ុនជប៉ុននេះកំពុងសុក្រិតភាពសង្វាក់ផលិតកម្មគុណភាពខ្ពស់មួយ ដែលតាមនោះរាល់ជំហាននីមួយៗត្រូវប្រាកដប្រជា ។
សង្វាក់ការងារនេះចាប់ផ្តើមពីការចិញ្ចឹមគោ ។ មានតែការថែទាំគោឲ្យបានល្អទេ ទើបគោទាំងនោះផ្តល់លាមកមានគុណភាព ។ លាមកគោនេះឯងគឺជាកត្តាដាស់ញោច និងកែសម្រួលគុណភាពដី ។ ដីមានគុណភាពល្អគ្មានការបំពុលដោយគីមី ទើបដំណាំមានគុណភាពខ្ពស់។
ស្រដៀងគ្នានេះដែរ នៅសង្វាក់ជាបន្តក្រុមហ៊ុនជប៉ុនបានអនុវត្តបទដ្ឋានកសិកម្ម “ស្អាត” ហើយដាំបន្លែ ផ្លែឈើ ប្រភេទមើម នៅលើផ្ទៃដីជាង ១០០០ហិកតានេះ ។
ជាថ្មីម្តងទៀតនៅពេលដែលឃើញក្រុមហ៊ុនជប៉ុនមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតក៏ដូចជាបណ្តាសារជាតិគីមីអ័រម៉ូនដើម្បីបង្កើនទិន្នផលប្រជាជននៅតំបន់នោះបន្តពេបជ្រាយថា ពួកនេះពិតជាល្ងង់ខ្លៅ មិនចេះ “រកស៊ី” ព្រោះតាមពួកគេធ្វើ “កសិកម្មស្អាត” បែបនេះមានន័យថាទិន្នផលនឹងទាប ហើយចំណាយច្រើន ។
ប៉ុន្តែផលិតផលលើផ្ទៃដី ១៥០០ហិកតា នៅឡៃយ៉ាង ជាអាទិ៍ ៖ ទឹកដោះគោ ផ្លែឈើ បន្លែ មើម សុទ្ធសឹងត្រូវបានទទួលវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិ ។ ជាទូទៅប្រៀបនឹងតម្លៃទំនិញលើទីផ្សារ នោះតម្លៃផលិតពីឡៃយ៉ាងខ្ពស់ជាង ១,៥ដង ។
ពួកគេផលិតទឹកដោះគោ មានតម្លៃ ២២យ័ន ក្នុង១លីត្រ (ប្រមាណ ៣,២ដុល្លារ) ឬ ស្ត្រូប៊ឺរី មានតម្លៃដល់ទៅ ១២០យ័ន/១គីឡូក្រាម (ប្រមាណជិត ២០ដុល្លារ) ។
ប៉ុន្តែផលិតផលដល់ទៅ ៩០% របស់ក្រុមហ៊ុនជប៉ុននេះ ត្រូវបានដឹកនាំចេញទៅបរទេស ដោយទុកមិនដល់ ១០%ផង សម្រាប់លក់នៅទីផ្សារធំ២ របស់ចិនគឺសៀងហៃ និងប៉េកាំង ។
នេះគឺជាគោលការណ៍របស់ជប៉ុនដែលខឿនផលិតកម្មកសិកម្មរបស់ចិន ពិតជាពិបាកយល់ ។ អាចនិយាយមួយបែបទៀតថា ជប៉ុនតែងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងកោតស្ញប់ស្ញែង ។
ដឹងទេថារាប់ជំនាន់មនុស្សហើយ ជនជាតិជប៉ុនមានទស្សនវិជ្ជាមួយថា ៖ “មុនពេលដាំដើមឈើ ត្រូវថែទាំដី មុនពេលថែទាំដីត្រូវអប់រំមនុស្ស” ។
ជប៉ុនត្រៀមវិនិយោគចូលមកកម្ពុជាយើងហើយ នៅឡើយតែពលរដ្ឋខ្មែរយើងបានត្រៀមខ្លួនសម្រាប់យល់ហើយឬនៅ?
ប្រភព៖ CEN