ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុក Khmerlove Khmerlove Khmerlove កាលពីថ្ងៃទី១៥ខែវិច្ឆិកា បានសរសេររៀបរាប់ពីប្រជាពលរដ្ឋម្នាក់ បានទៅធ្វើលិខិតឆ្លងដែន ហើយបានឲ្យលុយខ្មែរថ្លៃធ្វើលិខិតទៅស្ត្រីម្នាក់ជាមន្ត្រីនគរបាល ប៉ុន្តែនគរបាលរូបនោះ មិនយកលុយខ្មែរទេ ដោយបង្គាប់ឲ្យយកលុយដុល្លារវិញ។ ហើយករណីនោះ បានធ្វើអ្នកដែលទៅលិខិតឆ្លងដែនមិនពេញចិត្តចំពោះការចាយលុយជាតិ ដែលមន្ត្រីនគរបាលមិនយក គឺគេយកតែលុយដុល្លារ។
គណនីហ្វេសប៊ុកដដែល បានលើកឡើងថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វើលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ? (ពេលខ្ញុំឲ្យលុយខ្មែរ៤០០០០០រៀល មន្ត្រីទារ៤២០០០០រៀល ដល់ពេលខ្ញុំសួរថា ខុសតម្លៃហាងឆេងខ្លាំងម្លេះ មន្រី្តធ្វើចរឹកច្រងេងច្រងាងថា មិនយកលុយខ្មែរវិញ ហើយថែមទាំងឲ្យខ្ញុំទៅរកលុយដុល្លារឲ្យបានបានយក)។ ហើយសុំសួរថា មន្ត្រីចរឹតឫកពារបែបនេះមែនដែលយកមកបម្រើប្រជាជន? ទើបជួបផ្ទាល់ខ្លួនឯងតែម្តង”។
ចំណែកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញនូវទស្សនរៀងៗខ្លួនថា “ខ្ញុំធ្លាប់ទៅធ្វើលិខិតឆ្លងដែនដែរ ឆ្លងកាត់រួចហើយ ឈឺចាប់ ទើបតែឃើញរឿងគាត់ធ្វើឲ្យខ្ញុំនឹងឃើញរឿងចាស់ ស្រុកយើងចប់ហើយ នៅជិតវៀតណាមចាយលុយដុង នៅក្នុងក្រុងចាយលុយដុល្លារ លុយចិន នៅជិតថៃចាយលុយបាត ដល់ពេលគេលេងចង់ចាយលុយខ្មែរខ្លួនឯងហួសថ្លែងហើយ។
ស្រុកគេ គេមិនចាយទេលុយបរទេស គេចាយលុយរបស់ជាតិខ្លួនឯង ព្រោះគេលើកតម្កើងរូបិយប័ណ្ណជាតិខ្លួនឯង ម៉េចបានជាមិនស្រឡាញ់ប្រាក់រៀលរបស់ជាតិឯង តើខួក្បាលអ្នកមិនមែនជាខ្មែរឬ? មីនេះ មើល ងាយដល់ស្ដេច ហើយនិងជាតិណាស់ ចាំមើលមានថ្នាក់ច្បាប់ណា ក្នុងមន្ត្រីរបបនេះ ហ៊ានដាក់ទោសឬអត់? ។សង្ឃឹមថា នឹងមានចំណាត់ការ ចំពោះមន្ដ្រី អាក្រក់ៗ អរគុណលោកគ្រូហ្វេសប៊ុក ដែលជួយកែប្រែសង្គមខ្ញុំបានខ្លះៗ ដោយសារពលរដ្ឋខ្មែរ ចេះប្រើហ្វេសប៊ុក ដើម្បីជាប្រយោជន៍ កុំប្រើគ្រាន់តែ សប្បាយ កម្សាន្តអារម្មណ៍តែប៉ុណ្ណឹងសុំឆ្ងល់ថា ហេតុអីបានជា ការកំណត់តម្លៃគិតជាប្រាក់ដុល្លារ មិនមែនជាប្រាក់រៀល ប្រសិនបើកំណត់ជាប្រាក់រៀល ពីដើមទីមក វាប្រាកដជាគ្មានរឿងនឹងកើតឡើងទេ”។
ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ៕