ក្មេងប្រុសកម្ពុជាអាយុ១៤ឆ្នាំម្នាក់ ដែលចេះនិយាយរហូតដល់ទៅ ១៥ភាសា កំពុងទទួលបានការឧបត្ថម្ភលើការធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីធ្វើបទសម្ភាសន៍ និងឱកាសមាសក្លាយជាតារាចម្រៀងថែមទៀតផង។
កាលពីសប្ដាហ៍មុន ក្មេងប្រុស ធុច សាលីក បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកទេសចរជនជាតិម៉ាឡេស៊ីម្នាក់ ថតវីដេអូគេបង្ហាញសមត្ថភាពនិយាយភាសាបរទេស ១៥ភាសា ខណៈកំពុងលក់វត្ថុអនុស្សាវរីយ៍ នៅប្រាសាទតាព្រហ្ម។
នៅក្នុងវីដេអូឃ្លិបនោះ ក្មេងប្រុស សាលីក ចាប់ផ្តើមនិយាយភាសាចិនកុកងឺ រួចក៏និយាយភាសាផ្សេងទៀត រួមទាំង ចិនកន្តាំង, ហ្វីលីពីន, បារាំង, អាល្លឺម៉ង់, ជប៉ុន, កូរ៉េ, ម៉ាឡេ និងថៃ ផងដែរ ដោយភាសាទាំងអស់នេះក្មេងប្រុស សាលីក សុទ្ធសឹងតែរៀនចេះពីភ្ញៀវទេសចរ។
ទោះបីជាយ៉ាងណា ក្មេងប្រុសកម្ពុជារូបនេះនិយាយភាសាចិនកុកងឺបានល្អជាងគេ ហើយបង្ហាញពីអាមរ្មណ៍ចង់ទៅចូលរួមកម្មវិធីតន្រ្តីនៅក្នុងទីក្រុងប៉េកាំងទៀតផង។
យ៉ាងណាមិញ ប្អូនប្រុសរបស់ សាលីក ឈ្មោះ ធុច ទិត្យា អាយុ ១១ឆ្នាំ ក៏ចេះនិយាយ ១១ភាសាផងដែរ ហើយចេះនិយាយភាសាចិនកុកងឺបានល្អជាងគេ។
យោងតាមសារព័ត៌មានចិន Sinchew បានឲ្យដឹងថា ពួកគេទទួលបានការអញ្ជើញពីក្រុមហ៊ុនផ្សព្វផ្សាយចិន ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ ក្មេងប្រុស សាលីក នឹងមានឱកាសដើម្បីបង្ហាញពីសំឡេងស្រែកច្រៀងរបស់ខ្លួន ហើយក៏មានឱកាសក្លាយជាតារាចម្រៀងនៅទីនោះផងដែរ៕
ប្រភព៖ Sabay