• លោក Claudio Ranieri ត្រូវបាន​តែងតាំង​ជាគ្រូបង្វឹក​ថ្មីរបស់ក្លឹប Fulham

    (ក្រុងឡុងដ៍)៖ លោក Claudio Ranieri ដែលជាអតីតអ្នកចាត់ការក្លឹប Chelsea និង Leicester City ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Fulham ជំនួសលោក Slavisa Jokanovic ដែលត្រូវបានដកចេញពីតួនាទីកាលពីថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

    Fulham កំពុងស្ថិតក្នុងចំណោមក្លឹបដែលបានចំណាយប្រាក់យ៉ាងច្រើនក្នុងអំឡុងពេលដោះដូរកីឡាករ ដោយក្លឹបនេះបានចំណាយអស់ប្រហែល ១០០លានផោន ដើម្បីពង្រឹងក្រុម ក្រោយពេលដែលបានឡើងមកពីលីគទី២ Championship របស់អង់គ្លេស។

    Fulham បានទិញកីឡាករដែលមានការចំណាយច្រើនរួមមានកីឡាករ Jean Seri ដែលធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅ Barcelona កីឡាករជម្រើសជាតិអាល្លឺម៉ង់ Andre Schurrle កីឡាករ Aleksandar Mitrovic និង Alfie Mawson។

    លោក Ranieri ធ្លាប់ជួយឲ្យក្លឹបកញ្ជ្រោងខៀវ Leicester ឈ្នះជើងឯក Premier League ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ បាននិយាយថា ក្រុមកីឡាករនៅ Fulham មានទេពកោសល្យ មិនស័ក្ដិសមនឹងឈរនៅបាតតារាងនោះទេ ខ្ញុំដឹងថាក្រុមមួយនេះមានសមត្ថភាពអាចធ្វើបានល្អជាងនេះ យើងបង្ហាញសមត្ថភាពរបស់ក្រុមកីឡាករដោយជួបប្រកួតជាមួយក្លឹប Southampton នៅទឹកដី The Cottage។

    លោក Ranieri បានប្រាប់គេហទំព័ររបស់ក្លឹប Fulham ថា «ខ្ញុំមានកិត្តិយសណាស់ដែលទទួលបានតួនាទីជាអ្នកចាត់ការ Fulham ជាក្លឹបដ៏អស្ចារ្យមួយដែលមានប្រវត្តិដ៏ល្អ និងប្រពៃណីដ៏យូរលង់មកហើយ»។

    លោក Ranieri ត្រូវដឹកនាំក្លឹប Fulham ទៅប៉ះក្លឹប Southampton នៅថ្ងៃទី២៤ ខែវិច្ឆិកា ខណៈអតីតក្លឹបចាស់របស់លោក Leicester នឹងមកកាន់ទឹកដី Fulham នៅដើមខែក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ