ករណីកីឡាប្រដាល់សេរី វ័យ១៣ឆ្នាំ បានស្លាប់លើឆាកក្នុងការប្រកួត កំពុងធ្វើឱ្យពលរដ្ឋថៃផ្ទុះកំហឹង និងអំពាវនាវឱ្យមានច្បាប់ហាមឃាត់ក្មេងជំទង់ឡើងប្រកួតវិញ្ញាសាដ៏គ្រោះថ្នាក់នេះ។
Anucha Tasako អាយុ១៣ឆ្នាំ បានដេកលើឆាក បន្ទាប់ពីគូប្រកួតបានដាល់ចំក្បាល៥ដៃផ្ទួនៗ ក្នុងការប្រកួតមួយនៅខេត្ត Samut Prakan ក្បែររដ្ឋធានី Bangkok កាលពីថ្ងៃទី១០ ខែវិច្ឆិកា។ ប៉ូលិសប្រាប់ថា Anucha បានស្លាប់ព្រោះហូរឈាមក្នុង ខួរក្បាល។
Anucha ធ្វើការប្រកួតក្រោមឈ្មោះ Phetmongkol Sor Wilaithong ។Anucha បានក្លាយជាកីឡាប្រដាល់សេរីតាំងពី អាយុ៨ឆ្នាំ ហើយបានប្រកួតជាង១៥០លើក ក្នុងទម្ងន់ក្រោម៤១គីឡូក្រាម។
កុមារអភ័ព្វរូបនេះបានមករស់នៅជាមួយពូ បន្ទាប់ពីឪពុកម្តាយវាលែងលះគ្នា។ ពូរបស់ Anucha លោក Damrong Tasako គឺជាគ្រូប្រដាល់សេរីម្នាក់ ។ ក្រោយមរណភាពរបស់ក្មួយបង្កើត គាត់ពិតជាមានវិប្បដិសារី ហើយអំពាវនាវសុំរដ្ឋាភិបាលមានបទកំណត់ទាមទារឱ្យក្មេងអាយុក្រោម១៥ឆ្នាំ ពេលឡើងឆាកប្រកួតត្រូវពាក់ឧបករណ៍ការពារក្បាលនិងខ្លួនប្រាណឱ្យបានគត់មត់។
ចំណែកអ្នកផ្តួល Anucha បណ្តាលឱ្យស្លាប់ឈ្មោះ Nitikron Sonde ដែលមានអាយុស្របាលគ្នា ក្រោយហេតុការណ៍នេះបានសរសេរលើ Facebook ថា៖ «ខ្ញុំពិតជាសោកស្តាយណាស់ ប៉ុន្តែភារកិច្ចរបស់ខ្ញុំគឺត្រូវដណ្ដើមជ័យជម្នះ» ដើម្បីមានលុយសម្រាប់ដោះស្រាយការរៀនសូត្រ។
ក្មេងៗដែលមានវ័យប្រហែល១០ឆ្នាំ ត្រូវបានហ្វឹកហាត់និងឡើងប្រដាល់សុទ្ធសឹងមានប្រភពពីគ្រួសារក្រីក្រ ។
ឥឡូវនេះរដ្ឋាភិបាលថៃកំពុងត្រៀមធ្វើពង្រាងច្បាប់ហាមឃាត់ក្មេងអាយុក្រោម១២ឆ្នាំ មិនឱ្យចូលរួមប្រកួតលើឆាកទេ។ ខណៈពេលនោះក្រុមកីឡាប្រដាល់បែរជាប្រឆាំង ហើយចាត់ថាករណី Anucha គឺជារឿងគ្រោះថ្នាក់មួយតែប៉ុណ្ណោះ។
យ៉ាងណាក៏សាធារណមតិទូទៅមិនបានគាំទ្រការអនុញ្ញាតកុមារចូលរួមប្រកួត ព្រោះប្រដាល់សេរីគឺជាប្រភេទកីឡាគ្រោះថ្នាក់ ក្នុងពេលដែលសរីរាង្គរបស់ក្មេងមិនទាន់មានការលូតលាស់ពេញលេញ នោះឡើយ។ ខ្លះទៀតថាពុំត្រូវចាត់ទុកវិញ្ញាសាកីឡាប្រដាល់សេរីគឺជា«ល្បែងស៊ីសង» ដែលអ្នកណាៗក៏សុទ្ធតែដឹង៕