មុនពេលមានឈ្មោះនៅក្នុងបញ្ជីកំណត់ត្រាពិភពលោក គេទាមទារឲ្យបំពេញលក្ខខណ្ឌជាច្រើន ដូច្នេះមិនមែនជារឿងងាយទេក្នុងការប៉ុនប៉ងជាប់កំណត់ត្រា។ ទន្ទឹមនឹងនេះ កម្ពុជាដែនដីតូចមែនពិត ក៏បានកាន់កាប់កំណត់ត្រាពិភពលោកចំនួន ១០ដែរហើយកំណត់ត្រាថ្មីៗ២ទៀតទើបធ្វើបានកាលពីពេលថ្មីៗនេះ។
១. ធុរកិច្ចដែលមានលក្ខណៈអនុវត្តជាក់ស្ដែងដ៏ធំបំផុតក្នុងពិភពលោក
យុទ្ធនាការរៀនធ្វើជំនួញ ឬ #GoBusiness17 ជាកម្មវិធីបង្ហាត់យុវជនកម្ពុជាដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ ដែលបានចូលរួមដោយយុវជនកម្ពុជាចំនួន ២៣០៤នាក់ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុននៅលើពិភពលោក។ ចំណែកអ្នកចូលរួមមានអាយុចាប់ពី១៥ឆ្នាំ ដល់២៩ឆ្នាំ ហើយសិក្ខាសាលាខ្នាតយក្សនេះ ប្រព្រឹត្តឡើងតាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍ខាងលើបានបំបែកកំណត់ត្រាពិភពលោក Guinnessស្ដីពីសិក្ខាសាលាធុរកិច្ចអនុវត្តន៍ជាក់ស្ដែងដ៏ធំបំផុតនៅលើពិភពលោក។
២. រាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមច្រើនបំផុត
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ មនុស្សចំនួន ២០១៥នាក់ បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប បំបែកកំណត់ត្រាពិភពលោកចាស់ដែលកាន់កាប់ដោយប្រទេសអូស្ត្រាលីកាលពីឆ្នាំមុនក្នុងចំនួនអ្នកចូលរួម ១១៥០នាក់។
៣. នំអន្សមធំបំផុត
នំអន្សមយក្សមានទម្ងន់ប្រមាណជាង ៤តោន ក្រោយពីចម្អិនអស់រយៈពេល ៤៥ម៉ោង ត្រូវចៅក្រមវាយតម្លៃអន្តរជាតិរបស់ស្ថាប័ន Guinness ទទួលស្គាល់ថាជានំអន្សមធំជាងគេលើលោកកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ នំអន្សមនេះ ត្រូវបានចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយក្រុមមេចុងភៅខ្មែរ និងកូនកាំបិតចំនួន ១០០នាក់។
នំអន្សមយក្ស ត្រូវបានវេចខ្ចប់ដោយស្លឹកចេកទម្ងន់ ៣៣៣គីឡូក្រាម និងខ្សែចេកទម្ងន់ ៣៧៥ គីឡូក្រាម។ បន្ថែមដោយគ្រឿងផ្សំ អង្ករដំណើប ១,០០០គីឡូក្រាម ខ្ទិះដូង ៤៩៩គីឡូក្រាម អំបិល ១៥គីឡូក្រាម សណ្ដែកបាយ ៤៩៩គីឡូក្រាម សាច់ជ្រូកបីជាន់ ៥០៧គីឡូក្រាម ស្ករ ៤គីឡូក្រាម ម្រេចកំពត ៣គីឡូក្រាម ខ្ទឹមចិញ្ច្រាំ ១០គីឡូក្រាម និង ស្លឹកខ្ទឹមចិញ្រ្ចាំ ១៦គីឡូក្រាម។
៤. មានតួអក្សរច្រើនបំផុត
តួអក្សរខ្មែរដែលស្ថាប័ន Guinness ទទួលស្គាល់មានទាំងអស់ ៧៤តួ (បច្ចុប្បន្នមិនប្រើទាំងអស់ទេ) ច្រើនលើសអក្ខរក្រមប្រទេសដទៃទៀតក្នុងលោក។
៥. ព្រះមហាក្សត្រ ដែលធ្លាប់កាន់តំណែងច្រើនបំផុត
- ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់កាន់មុខតំណែងជាច្រើនដូចជា៖
- ឆ្នាំ១៩៤១ ដល់១៩៥៥ ជាព្រះមហាក្សត្រ
- ឆ្នាំ១៩៥៥ ដល់១៩៦៦ ជានាយករដ្ឋមន្ត្រី
- ឆ្នាំ១៩៦០ ដល់១៩៧០ ជាព្រះប្រមុខរដ្ឋ
- ឆ្នាំ១៩៧០ ជាប្រមុខរដ្ឋាភិបាលនិរទេស
- ឆ្នាំ១៩៧៦ ជាប្រធានាធិបតី
- ឆ្នាំ១៩៨២ ដល់១៩៨៨ ជាប្រធានាធិបតីនិរទេស
- ឆ្នាំ១៩៨៩ ដល់១៩៩១ ជាប្រមុខរដ្ឋាភិបាលនិរទេស
- ឆ្នាំ១៩៩១ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
- ឆ្នាំ១៩៩១ ដល់១៩៩៣ ជាព្រះប្រមុខរដ្ឋ
- ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ឡើងគ្រងសម្បត្តិជាលើកទី២ រហូតដល់ដាក់រាជ្យសម្បត្តិក្នុងឆ្នាំ២០០៤
៦. ទឹកច្រាលឡើងលឿនបំផុត
អំឡុងពេលរដូវវស្សា ទឹកទន្លេមេគង្គនៃប្រទេសកម្ពុជាជាប់ព្រំដែនឡាវ បានច្រាលឡើង ២០ដង ដែលចាល់ទឹកលាតសន្ធឹងដូចជាកូនសមុទ្រតូចមួយក្នុងទំហំ ពី១០ ទៅ ១៤គីឡូម៉ែត្រ។ អត្រាលំហូរទឹកនៅតំបន់នេះ ស្មើនឹង ២ដងនៃទឹកធ្លាក់ Niagara នៅចន្លោះប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ក្នុងមួយនាទី ទឹកប្រមាណ ១០លានម៉ែត្រគីប ហូរខ្លាំងដូចរន្ទះចាក់ខ្វាត់ខ្វែងតាមចន្លោះកោះនានា។
៧. អណ្ដើកទឹកសាបដែលខ្ជិលជាងគេលើលោក
អណ្ដើកទឹកសាប ដែលមានកំណើតនៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា (Pelochelys cantorii) បានចំណាយពេល ៩៥ភាគរយនៃជីវិតរស់នៅក្រោមខ្សាច់បាតទន្លេ រង់ចាំចំណីអាហារទៅជិតមាត់។ អណ្ដើកកម្ជិលនេះឡើងលើផ្ទៃទឹកត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីដកដង្ហើម។
៨. សំណង់ឧទ្ទិសសាសនាធំបំផុត
សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក។ ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ។
៩. ការត្បាញក្រមាដែលវែងជាងគេបំផុតលើលោក
លទ្ធផលប្រកាសជាផ្លូវកាលពីថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ២០១៨ គណៈកម្មការ Guinness World Records ឲ្យដឹងថា កម្ពុជាបានឈ្នះការបំបែកកំណត់ត្រក្រមាវែងជាងគេក្នុងលោក។ គណៈកម្មការ បានអះអាងថាកម្ពុជាជាប្រទេសទី១បង្កើតក្រមាវែងបំផុតលើពិភពលោក ដែលគ្មានប្រទេសណាធ្វើដូច។ ការវិនិច្ឆ័យផ្អែកលើចំណុចសំខាន់ពីររួមមាន កម្ពុជាបានត្បាញក្រមាដែលសាច់ក្រមាតឹងណែនល្អ និងត្បាញក្រមាវែងបំផុតរហូតដល់ ១ ១៤៩ ម៉ែត្រ។
១០. ទូកងដែលវែងគេបំផុតលើលោក
ទូក ង វែងជាងគេប្រវែងជិត ១០០ម៉ែត្រ បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទូក ង មានប្រវែងសរុប ៨៧,៣០ ម៉ែត្រ ទទឹងធំបំផុតប្រវែង ១,៩៤ម៉ែត្រ និងជម្រៅទូក ០,៨០ ម៉ែត្រ។ ទូកនេះមានចំណុះទូកចំនួន ១៧៩ នាក់។
ទូកង «កម្ពោជិកបុត្តាខេមរាតរី» បានផលិតឡើងតាមរចនាបថ និងបច្ចេកទេសរបស់កូនខ្មែរ ដោយបានចំណាយពេលអស់៦ខែគិតចាប់តាំងពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០១៨។ ទម្រាំបានក្លាយទូកដ៏ល្អឯកនេះ ត្រូវឆ្លងកាត់ឧបសគ្គរាប់មិនអស់ តែយ៉ាងណាក្ដី ដោយសារកម្លាំងសាមគ្គីពីកូនខ្មែររាប់ពាន់នាក់ ស្នាដៃនេះបានបង្ហាញឲ្យពិភពលោកបានឃើញថា កម្ពុជាពិតជាអាចធ្វើបាន៕
ប្រភព៖ Sabay