ជំងឺបាក់ទឹកចិត្តគឺជាអាវុធលាក់មុខដ៏កាចសាហាវ ដែលវាបានធ្វើឲ្យអ្នកជំងឺចុះខ្សោយបន្តិចម្តងៗរហូតលែងមានភាពជឿជាក់លើខ្លួនឯង ដោយមិនហ៊ានធ្វើការសម្រេចចិត្ត មិនចង់ធ្វើអ្វីទាំងអស់ គេចវេះពីការពិត បើធ្ងន់ធ្ងរគេអាចមើលឃើញថាពិភពលោកតូចចង្អៀតជ្រុលរហូតគ្មានកន្លែងសម្រាប់រូបគេ។
កាលពីថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៨ គឺមាននិស្សិតខ្មែរយើងម្នាក់ដែលបានទៅរៀននៅក្នុងប្រទេសថៃ ហើយក៍ជាអតីតនិស្សិតរៀននៅសាកលវិទ្យាល័យមហាសារខាម ហើយបច្ចប្បន្នគឺគាត់បានទៅរៀននៅប្រទេសថៃនៅសាកលវិទ្យាល័យ ជុឡាឡុងកន ក្នុងទីក្រុង បាងកកស្រាប់តែពេលនេះគឺគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ ហើយខាងសាលាគឺមិនបានស្គាល់លេខទូរស័ព្ទអាណាព្យាបាលគាត់ទេ។
បើតាមពត៌មានបឋមដែលទទួលបាន គឺរូបគាត់បានស្លាប់ដោយសារតែជំងឺបាក់ទឹកចិត្ត ។ នេះបើយោងតាមការរៀបរាប់របស់បងប្រុស ដែលមានគណនីឈ្មោះ Dara Kim បានសរសេររៀបរាប់ថា៖
“ព្រឹកនេះពេលបើកឃើញពត៌មានដ៏អកុសលនេះ ខ្ញុំពិតជាតក់ស្លុត។ បើទោះបីជាខ្ញុំមិនដែលបានជួបប្អូនប្រុសផ្ទាល់ តែខ្ញុំដឹងថាតាមរយៈប្អូនរបស់ខ្ញុំដែលធ្លាប់រៀនជាមួយប្អូនប្រុសថាប្អូនប្រុសគឺជានិស្សិតដែលឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ហើយក៏ជានិស្សិតពូកែម្នាក់ដែរ។ សូមវិញ្ញាណក្ខន្ធប្អូនទៅកាន់សុខគតិភព។
បើតាមពត៌មានបឋមដែលទទួលបាន បញ្ហាដល់ថ្នាក់នេះគឺបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ខ្ញុំគិតថាបើប្អូនប្រុសបានពិភាក្សាជាមួយខ្ញុំ គាត់នឹងមិនជ្រើសរើសផ្លូវហ្នឹងទេ។
ដោយសារខ្ញុំក៏ធ្លាប់ទទួលអារម្មណ៍បាក់ទឹកចិត្តដែរ ខ្ញុំយល់ពីអារម្មណ៍នេះបានច្រើន ហើយក៏យល់ពីវិធីដោះស្រាយមួយចំនួនដែរ ហេតុនេះខ្ញុំលើកទឹកចិត្តនិស្សិតខ្មែរដែលកំពុងសិក្សានៅបរទេស បើទទួលអារម្មណ៍ថាបាក់ទឹកចិត្តអាចទាក់ទងមកខ្ញុំ ខ្ញុំនឹងព្យាយាមជួយដោយមិនគិតពីកំរៃអ្វីទាំងអស់ គឺចង់ជួយចេញពីចិត្ត ព្រោះមិនចង់ឃើញរូបភាពនេះកើតឡើងចំពោះនិស្សិតខ្មែរយើងទៀតទេ” ។
ជាចុងក្រោយយើងសូម ចូលរួមចែករំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ប្អូន និងសូមអោយវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់ទីសោយសុខ កុំបីខានឡើយ៕