(ភ្នំពេញ)៖ ស្រោមអនាម័យចំនួន៣ម៉ឺនស្រោម ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ត្រៀមទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះ ខែនិងអកអំបុកនាពេលខាងមុខនេះ។ នេះតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ដែលដកស្រង់សំដីរបស់តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។
លោក គន្ធី បញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមការងារបានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ នឹងរៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដច្រើន ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ជំងឺអេដស៍ ។
លោកអគ្គលេខាធិការបញ្ជាក់បន្ថែមទៀតថា ក្នុងឱកាសនោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ នឹងមានការរៀបចំកន្លែងធ្វើតេស្តឈាម សម្រាប់ធ្វើតេស្តឈាមស្វែងរកមេរោគ អេដស៏ដោយឥតគិតថ្លៃ នឹងណែនាំដើម្បីទទួលបានថ្នាំពីក្រសួងសុខាភិបាល នៅភ្នំពេញឬនៅតាមភូមិឃុំដែលរស់នៅ។ ជាមួយគ្នានោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក៏បានសហការជាមួយតារាចម្រៀង តារាសម្តែង និងតារាកំប្លែង ដែលនឹងត្រូវសម្តែងសិល្បៈកម្សាន្តសប្បាយផងផងហើយផ្តល់ជាសារអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាផងដែរ ធ្វើយ៉ាងណាឲ្យពួកគាត់ចេះការពារខ្លួនពីជំងឺអេដស៍ ។
អត្រាឆ្លងជំងឺអេដស៍ថ្មីនៅកម្ពុជាបានថយចុះពី១០០នាក់នៅឆ្នាំ១៩៩៨ មកនៅត្រឹម៣នាក់នៅឆ្នាំ២០១០ និងបន្តថយចុះនៅសល់២នាក់ នៅឆ្នាំ២០១៦។ ទោះបីយ៉ាងណាក្ដីតាមការ ប៉ានស្មានបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគ អេដស៍ ចំនួន៧២០០០នាក់ ក្នុងនោះ បានទទួលព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ចំនួន ៥៧០០០ស្មើនឹង៧៥ភាគរយ។ បើតាមរបាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៏៕