ដេននី ក្វាន់៖ នៅពេលយើងទៅស្គាល់នរណាក៏ដោយ ត្រូវយកបេះដូងរបស់យើង ទៅស្គាល់គេ…

(ភ្នំពេញ)៖ តារាសម្តែងសាច់សខ្ចីមានចិត្តធម៌ តាមរយៈសកម្មភាពការងារជួយសង្គម កញ្ញា ដេននី ក្វាន់ ថ្មីៗនេះ បានទម្លាយសារហាក់មានចេតនា ចង់បំផុសស្មារតីរបស់មហាជន និងអ្នកគាំទ្រ បង្កប់នូវអត្ថន័យចាក់ដោត ចំពោះបេះដូងរបស់ទស្សនិកជនតែម្តង។ តាមរយៈសារនេះដែរ នាងក៏ទទួលបានការគាំទ្រ និងលើកឡើងថា ពិតជាន័យមែន។

តារាស្រីរូបស្រស់ ដេននី ក្វាន់ រៀបរាប់ដូច្នេះថា «នៅពេលយើងទៅស្គាល់នរណាក៏ដោយ ត្រូវយកបេះដូងរបស់យើង ទៅស្គាល់គេ។ ប៉ុន្តែមិនមានន័យថា បណ្ដោយឲ្យបេះដូងខ្លួនឯងខ្ទេចខ្ទីអស់ ក្រោយពេលឈប់ស្គាល់គេទេ។ ស្រឡាញ់នរណាក៏ដោយ ត្រូវប្រាកដថា យើងបានស្រឡាញ់ខ្លួនឯងច្រើនជាង ឲ្យការស្រឡាញ់ទៅគេ»។

កញ្ញា ដេននី ក្វាន់ បញ្ជាក់ទៀតថា «ស្មោះអ្នកណាក៏ដោយ ត្រូវប្រាកដថា យើងបានស្មោះចំពោះខ្លួនឯងមុនរួចហើយ។ ទុកចិត្តនរណាក៏ដោយ យើងត្រូវតែទុកចិត្តលើខ្លួនឯង ជាមុនសិន។ ជឿជាក់នរណាក៏ដោយ យើងត្រូវជឿជាក់លើខ្លួនឯងជាមុនសិន។ ជួយអ្នកណាក៏ដោយ យើងត្រូវជួយខ្លួនឯងជាមុនសិន»។

«មិនមែនអាត្មានិយមទេ ប៉ុន្តែបើគ្មានភាពច្បាស់លាស់ចេញពីខ្លួនឯងទេ តើយើងអាចច្បាស់លាស់ ចំពោះអ្នកដទៃបានយ៉ាងណាទៅ? បើស្រឡាញ់គេច្រើនជាងស្រឡាញ់ខ្លួន បែបប្រហែលត្រូវសម្លាប់ខ្លួន ដើម្បីឲ្យគេយល់ថា ខ្លួនបានស្រឡាញ់គេខ្លាំងណាស់។ បើស្មោះគេ ជាងស្មោះខ្លួនឯង យើងនឹងកុហកខ្លួនឯង ដើម្បីឲ្យគេបានសុខ ប៉ុន្ដែនោះវាមិនស្ថិតថេរបានប៉ុន្មានឡើយ។ អ្វីក៏ដោយផ្ដើមចេញពីខ្លួនឯងជានិច្ច…»។ នេះជាសម្តីលើកឡើងបន្ថែមរបស់កញ្ញា ដេននី ក្វាន់។

ជាការកត់សម្គាល់តារាស្រី ដេននី ក្វាន់ អំឡុងពេលមួយរយៈចុងក្រោយនេះ នាងកាន់តែមានភាពលេចធ្លោខ្លាំង តាមរយៈសកម្មភាពការងារជួយសង្គម ដូចជា ជួយប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និងកុមារនៅតាមសហគម។ លើសពីនេះទៅទៀត នាងក៏កំពុងទទួលបានការគាំទ្រ និងលើកសរសើរច្រើន ពីមជ្ឈដ្ឋានមហាជនផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ