ទីបំផុត​បក្សប្រជាធិបតេយ្យ​​ក្លាយជា​អ្នកគ្រប់គ្រង​​សភាអាមេរិក​វិញម្តង ខណៈបក្សសាធារណរដ្ឋនៅតែបន្តគ្រប់គ្រងព្រឹទ្ធសភា

(វ៉ាស៉ីនតោន)៖ ទីបំផុត​គណបក្សប្រជាធិបតេយ្យ ​បានគ្រប់គ្រងសភាតំណាងរាស្ត្រ​អាមេរិក​ហើយ ខណៈគណបក្ស​សាធារណរដ្ឋ​ជាអ្នកគ្រប់គ្រងព្រឹទ្ធសភា។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការិយាល័យបោះឆ្នោត​ច្រើនជាងពាក់កណ្ដាល​ក្នុងចំណោមរដ្ឋទាំង ៥០ បានចាប់ផ្ដើមបិទទា្វររាប់សន្លឹកឆ្នោត នៅថ្ងៃអង្គារ​នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ការបោះឆ្នោត​​សភាអាមេរិកពាក់កណ្ដាល​អាណត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ប្រជាជនអាមេរិក​ត្រូវបោះឆ្នោតជ្រើសសមាជិកសភាទាំង ៤៣៥រូប និងសមាជិកព្រឹទ្ធសភា ៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋ​ក៏នឹងត្រូវបានជ្រើសរើស​ក្នុងរដ្ឋ ៣៦ នៃរដ្ឋចំនួន ៥០ ផងដែរ។

ក៏ប៉ុន្តែ​​ការបោះឆ្នោតនេះមិនត្រឹមតែ​កំណត់ថា តើបក្សប្រជាធិបតេយ្យ ឬក៏បក្សសាធារណរដ្ឋ​​ជាអ្នកគ្រប់គ្រងសភាអាមេរិក​នោះ​ប៉ុណ្ណោះទេ តែវាក៏នឹងកំណត់ផងដែរថា លោក ដូណាល់ ត្រាំ នឹងមានអំណាច​​កាន់តែខ្លាំង ឬត្រូវកាត់បន្ថយ​​អំណាច។

លើសពីនេះ​ទៅទៀត សម្រាប់ការឈ្នះនៃគណបក្ស​ប្រជាធិបតេយ្យ នៅក្នុងបោះឆ្នោត​នេះ វាមានន័យថា ភាពជា​ប្រធានាធិបតីអាមេរិក​របស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវសើរើ​ឡើងវិញ ដ្បិតអ្នកប្រជាធិបតេយ្យ​មួយចំនួនធ្លាប់​សន្យាថា នឹងដំណើរការនីតិវិធី​ទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែង។

គួរបញ្ជាក់ថា បើតាមលទ្ធផលមិនទាន់ផ្លូវការ គណបក្សប្រជាធិបតេយ្យ​កំពុងនាំមុខនៅក្នុង​សភា រីឯគណបក្ស​សាធារណរដ្ឋកំពុងនាំមុខ​នៅក្នុង​ព្រឹទ្ធសភា។ បន្ទាប់ពីការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សសាធារណរដ្ឋរបស់​លោក ដូណាល់ ត្រាំ គឺជាអ្នកគ្រប់គ្រងសភាទាំងពីរ​របស់​សហរដ្ឋអាមេរិក៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ